បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធតុលាការកំពូល របស់ប្រទេសមីយ៉ាន់ម៉ា បានយល់ព្រម ដើម្បីស្តាប់ការប្តឹងឧទ្ធរណ៍ ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង និងស្នើសុំកាត់បន្ថយការកាត់ទោស នៅក្នុងករណីជាច្រើន ដែលលោកស្រីត្រូវបាន ចោទប្រកាន់ពីបទពុករលួយ ការក្លែងបន្លំការបោះឆ្នោត និងរំលោភលើសកម្មភាពសម្ងាត់ផ្លូវការ ដែលជាផ្លូវច្បាប់។ ក្រុមមន្ត្រីបានលើកឡើងដូច្នេះ ។
លោកស្រី អ៊ុងសាន ស៊ូជី វ័យ៧៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅគ្រាដែលយោធាដណ្តើមអំណាចពី រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ។ លោកស្រីកំពុងជាប់ទោសជាប់ពន្ធនាគារ សរុបចំនួន៣៣ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសនៅក្នុងការកាត់ទោសដែល ជំរុញដោយនយោបាយជាបន្តបន្ទាប់ ដែលដឹកនាំដោយរបបយោធា ។
អ្នកគាំទ្ររបស់លោកស្រី និងអ្នកជំនាញផ្នែកច្បាប់ឯករាជ្យលើកឡើងថា ករណីទាំងនេះគឺជាការប៉ុនប៉ង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងធ្វើឱ្យមានការចូលកាន់កាប់ របស់យោធាស្របច្បាប់ ខណៈដែលរារាំងលោកស្រីពីការវិលចូល ប្រឡូកក្នុងឆាកនយោបាយ ។
មន្ត្រីផ្នែកច្បាប់ដែលដឹងអំពី រឿងក្តីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានលើកឡើងថា តុលាការកំពូលមិនទាន់កំណត់ថ្ងៃ បើកសវនាការលើបណ្តឹងសាទុក្ខ និងការស្នើសុំកាត់បន្ថយការកាត់ទោសនេះទេ ប៉ុន្តែអាចនឹងធ្វើឡើងក្នុងរយៈពេល ២ខែខាងមុខ។
មន្ត្រីបានលើកឡើងនៅក្នុងលក្ខខណ្ឌ អនាមិកព្រោះគាត់មិនត្រូវបានអនុញ្ញាតឱ្យ បញ្ចេញព័ត៌មានអំពីការសម្រេចចិត្តនោះទេ ថា មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលធ្លាប់ជាប្រភពនៃព័ត៌មាន អំពីដំណើរការនេះ ត្រូវបានបម្រើដោយដីកានៅចុងឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា