ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន និងលោកម៉ាក្រុង បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ក្រោយពីបំពេញទស្សន កិច្ចនៅចិន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានការកត់សម្គាល់នាពេលថ្មីៗនេះរបស់មេដឹកនាំបារាំងស្តីពីកោះតៃវ៉ាន់ និងទំនាក់ទំនងសន្តិសុខអឺរ៉ុបជាមួយក្រុងវ៉ាស៊ីនតោន ។

ខាងសេតវិមាន និងវិមាន Elysee បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកបន្ទាប់ពីការហៅទូរស័ព្ទថា មេដឹកនាំបានពិភាក្សាគ្នាអំពីដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Macron ក្នុងសប្តាហ៍ដំបូង នៃខែមេសា ទៅកាន់ក្រុងប៉េកាំង ជាកន្លែងដែលគាត់បានចំណាយ ពេលជាច្រើនម៉ោងជួបជាមួយ ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ។

នៅគ្រាដែលគាត់បានបញ្ចប់ ដំណើរនេះ លោក Macron បានធ្វើឱ្យមានការរំជើបរំជួល ដោយប្រាប់ដល់អ្នកសារព័ត៌មានថា បណ្តាប្រទេសនៅអឺរ៉ុប មិនគួរត្រូវបានទាញចូលទៅក្នុងការ ប្រយុទ្ធគ្នារវាងចិន និងសហរដ្ឋអាមេរិក ជុំវិញលទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយលោកខាងលិចនោះទេ ។

លោក Macron បានថ្លែងថា អឺរ៉ុបគួរតែជៀសវាង “វិបត្តិ ដែលមិនមែនជារបស់យើង” ។ លោកក៏បានលើកឡើង ម្តងហើយម្តងទៀតនូវការអត្ថាធិប្បាយ ពីមុនដោយអំពាវនាវឱ្យមាន “ស្វ័យភាពជាយុទ្ធសាស្រ្ត” របស់សហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិក ដែលជាឧបករណ៍សំខាន់ក្នុងការការពារអឺរ៉ុបចាប់តាំង ពីការជួយកម្ចាត់ពួក NAZI អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ របស់សេតវិមានបានសង្កត់ធ្ងន់ លើជំហររួមគ្នារបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top