បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែក ដោយចៃដន្យនៅទីក្រុង Belgorod ក្នុងទឹកដីរបស់ខ្លួន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន ។
គ្រាប់បែកនេះបានបន្សល់ទុក នូវរណ្ដៅដីទំហំ២០ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយ គ្រាប់បែកបានបំផ្ទុះរថយន្តប៉ើង ទៅលើដំបូលហាងដែលនៅក្បែរនោះ ។
លោក Vyacheslav Gladkov អភិបាល តំបន់ បានលើកឡើងថា អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀស អ្នកស្រុកនៅផ្ទះចំនួន៩ជាន់ដែលរងការខូចខាត ជាការប្រុងប្រយ័ត្ន ។
លោកបានបញ្ជាក់ថា មនុស្ស៣នាក់បានរងរបួស និងអគារជាច្រើនបានរងការខូចខាត ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានបង្ហាញពីផលប៉ះពាល់នៃការបំផ្ទុះនេះ ដោយបានធ្វើឲ្យប៉ើងរថយន្ត១គ្រឿងឡើង ទៅលើដំបូលផ្សារទំនើប ខណៈដែលចរាចរណ៍ បានឆ្លងកាត់តាម Prospekt Vatutina ជិតកណ្តាលទីក្រុងនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ថា យន្តហោះទម្លាក់គ្រាប់បែក Su-34 មួយគ្រឿងរបស់ខ្លួនបាន “ទម្លាក់អាវុធដោយចៃដន្យ” នៅម៉ោង២២និង១៥នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង១៥នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។
ការិយាល័យជំនាញបានបញ្ជាក់ ដោយបានអះអាងថា យន្តហោះបានបាញ់ខុស តែមិនបានបញ្ជាក់ថា មួយណានោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា