បរទេស ៖ អ្នកការទូតកំពូល របស់ប្រទេសកូរ៉េខាងជើង បានឆ្លើយតបទៅនឹងការថ្កោលទោស របស់ក្រុមប្រទេស G-7 ចំពោះការសាកល្បង មីស៊ីលនាពេលថ្មីៗនេះរបស់ខ្លួន ដោយបានច្រានចោលនិងចោទក្រុមនេះថា ជាឧបករណ៍នយោបាយ នៃការគ្រប់គ្រងពិភពលោក របស់សហរដ្ឋអាមេរិក ហើយបានប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងមិនបោះបង់កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួនឡើយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង ថា “G-7 ដែលជាក្រុមឯកជនមួយក្តាប់តូច នៃបណ្តាប្រទេសដែលអត្មានិយម មិនមែនតំណាង ឱ្យសហគមន៍អន្តរជាតិតែមួយគត់នោះទេ ប៉ុន្តែជាក្រុមប្រទេសបម្រើ ជាឧបករណ៍នយោបាយសម្រាប់ធានាអនុត្តរភាព របស់សហរដ្ឋអាមេរិក” ។
លោកស្រី Choe បានធ្វើការអត្ថាធិប្បាយបែបនេះ គឺមានរយៈពេលបីថ្ងៃ បន្ទាប់ពីក្រុមប្រជាធិបតេយ្យ ឬ ក្រុមអ្នកមានទាំង៧ប្រទេស បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយបង្អស់ របស់កូរ៉េខាងជើង និងអំពាវនាវឱ្យប្រទេសនេះ “បោះបង់ចោលទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចផ្លាស់ប្តូរបាន” នៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។
រដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើងរូបនេះ ក៏បានចោទប្រកាន់ G-7 ថា “បង្កាច់បង្ខូចយ៉ាងសាហាវ” មកលើកូរ៉េខាងជើង ដែល”អនុវត្តអធិបតេយ្យភាពស្របច្បាប់” ៕