បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ក្រសួងការបរទេស ហ្ស៊កដានី បានឲ្យដឹងថា សមាជិកសភាហ្ស៊កដានីម្នាក់ ត្រូវបានអ៊ីស្រាអ៊ែល ចាប់ខ្លួនដោយចោទប្រកាន់ថា បានព្យាយាមរត់ពន្ធអាវុធ ចូលទៅក្នុងតំបន់ West Bank ។
ទីភ្នាក់ងារសារព័ត៌មាន Ammon របស់ប្រទេសហ្ស៊កដានីបានរាយការណ៍ថា លោក Imad al-Adwan ត្រូវបានឃុំខ្លួនកាលពីយប់ថ្ងៃសៅរ៍នៅឯស្ពាន Allenby Bridge ។
អាជ្ញាធរបានបញ្ជាក់ថា ពួកគេបានរកឃើញកាំភ្លើងយន្តចំនួន១២ដើម និង អាវុធប្រភេទ២៧០ផ្សេងទៀត ។ នេះបើយោងតាមវីដេអូ ដែលមិនបានផ្ទៀងផ្ទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អ៊ីស្រាអ៊ែល បានផ្សាយដូច្នេះ ។
អ៊ីស្រាអ៊ែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ហើយការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ត្រូវបានរឹតត្បិតផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី បានលើកឡើងថា ខ្លួនកំពុងព្យាយាមដោះស្រាយករណីនេះ “ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន” ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអ៊ែលបានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខ Shin Bet កំពុងព្យាយាមបង្កើត ថាតើ អាវុធទាំងនោះមានទិសដៅសម្រាប់នរណា និង ថាតើ សមាជិកសភាបានធ្វើរឿងដូចគ្នាពីមុនមកដែរឬទេ ។
ប្រទេសហ្ស៊កដានី និងអ៊ីស្រាអ៊ែល បានបង្កើតទំនាក់ទំនង ជាផ្លូវការបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ ១៩៩៤ប៉ុន្តែទំនាក់ទំនង របស់ពួកគេនាពេលថ្មីៗនេះ មានភាពតានតឹងជុំវិញអំពើហិង្សា រវាងកងកម្លាំងសន្តិសុខអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នៅលើទីតាំងដ៏ពិសិដ្ឋ Haram al-Sharif/Temple Mount នៅក្នុងទីក្រុងយេរ៉ូសាឡឹម ដែលប្រទេសហ្ស៊កដានី ជាអ្នកត្រួតត្រា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា