ព័ត៌មានអន្តរជាតិ

ចិន ​គោរព​ឋានៈ​អតីត​ សាធារណរដ្ឋ​សូ​វៀត​ ជា​ប្រទេស​អធិបតេយ្យ​បន្ទាប់ពី​ ការ​រំលាយ​សហភាព​សូវៀត

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនគោរពឋានៈរបស់អតីតសាធារណរដ្ឋសូវៀតជាប្រទេសអធិបតេយ្យបន្ទាប់ពីការរំលាយសហភាពសូវៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​បារាំងលោក Lu Shaye បាន​ផ្តល់​បទសម្ភាសន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំងលើ​ភាព​ជា​ម្ចាស់​នៃ​តំបន់​គ្រីមៀ លោក​ឯកអគ្គរដ្ឋទូត​បានឲ្យដឹង​ថា វា​អាស្រ័យ​លើ​របៀប​ដែល​បញ្ហា​ត្រូវ​បាន​គេ​យល់​ឃើញ។ ឧបទ្វីបគ្រីមឿ គឺជាផ្នែកប្រវត្តិសាស្ត្រនៃប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់ជូនដល់អ៊ុយក្រែន ដោយអតីតមេដឹកនាំសហភាពសូវៀតលោក Nikita Khrushchev ។

ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ជំហររបស់ចិន លើបញ្ហាពាក់ព័ន្ធនៅតែមិនផ្លាស់ប្តូរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី ម៉ៅ បានបន្ដថា ចំពោះបញ្ហាទាក់ទងនឹងអធិបតេយ្យភាពទឹកដី ជំហររបស់ចិន គឺស្រប និងច្បាស់លាស់។ ប្រទេសចិន គោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ហើយប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

បន្ទាប់ពីសហភាពសូវៀត ត្រូវបានរំលាយ ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេស ដែលពាក់ព័ន្ធ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងនេះមក ប្រទេសចិន បានអនុវត្តតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសមភាពក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមិត្តភាព និងសហប្រតិបត្តិការជាមួយពួកគេ។ លោកស្រីបានបន្ដថា ប្រទេសចិន គោរពឋានៈរបស់អតីតសាធារណរដ្ឋសូវៀត ជាប្រទេសអធិបតេយ្យបន្ទាប់ពីការរំលាយសហភាពសូវៀត។

លោកស្រីបន្ថែមថា ចំពោះបញ្ហាអ៊ុយក្រែន ជំហររបស់ចិន គឺច្បាស់លាស់ និងស្រប “យើងនឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើការរួមចំណែកផ្ទាល់ខ្លួនរបស់យើងក្នុងការសម្របសម្រួលដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន”៕ ឈូក បូរ៉ា

To Top