គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកហូម (SIPRI) ថាការចំណាយយោធារបស់អ៊ុយក្រែន បានកើនឡើង ៦៤០ភាគរយក្នុងឆ្នាំ២០២២ ដល់ប្រហែល ៤៤ ពាន់លានដុល្លារ។
របាយការណ៍បានឲ្យដឹងថា ការកើនឡើងនៃការចំណាយ ដែលភាគច្រើនបណ្តាលមកពីវិបត្តិអ៊ុយក្រែន គឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៃការចំណាយយោធារបស់ប្រទេស ដែលមិនធ្លាប់មាន ដែលកត់ត្រានៅក្នុងទិន្នន័យ SIPRI ។
ប្រភពបានឲ្យដឹងថាកាលពីឆ្នាំមុន ការចំណាយលើវិស័យការពារជាតិមានចំនួន ៣៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ធៀបនឹង ៣,២ ភាគរយក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាម SIPRI បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ អ៊ុយក្រែន គឺជាប្រទេសនាំចូលអាវុធធំជាងគេទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសកាតា និងឥណ្ឌា៕ ឈូក បូរ៉ា