“ពួកគេគ្រាន់តែចូលច្រឡំកន្លែង បើកច្រឡំទ្វារ ហើយភាន់ច្រឡំដោយអចេតនា បែរជាបណ្តាលឱ្យកើតមានផលវិបាក ដែលប៉ះពាល់ដល់អាយុជីវិត”។ សំដៅចំពោះ ករណីបាញ់ប្រហារជាច្រើនលើក ដែលកើតមាននៅសហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងទៅនេះ កាសែត《New York Times》បានធ្វើការអត្ថាធិប្បាយដូចពោលខាងលើ ។
សោកនាដកម្មមួយលើក ក្នុងចំណោមនោះ គួរឱ្យសោកស្តាយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺ នៅពេលដែលយុវជនអាមេរិក ដើមកំណើតអាហ្វ្រិកអាយុ ១៦ ឆ្នាំម្នាក់នៅរដ្ឋ Michigan បានទៅទទួលប្អូនប្រុស របស់គាត់ទៅផ្ទះវិញ គាត់បានចូលច្រឡំផ្ទះ ដោយមិនបានប្រុងប្រយ័ត្ន ហើយត្រូវបានម្ចាស់ផ្ទះ បាញ់សម្លាប់ភ្លាមៗ។ រកខុសកន្លែង ដើរខុសផ្លូវ ឡើងខុសឡាន ។ល។ កំហុសអចេតនាទាំងនេះប្រហែលជាបង្កឱ្យ មានគ្រោះចង្រៃ ដល់អាយុជីវិតរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ។ ស្ត្រីម្នាក់ នៅរដ្ឋញូវយ៉ក ត្រូវបានម្ចាស់ផ្ទះបាញ់សម្លាប់ ដោយសារគាត់បើកឡាន ចូលច្រឡំផ្លូវពេលរកផ្ទះ របស់មិត្តភក្តិ ក្រុមអ្នកលើកទឹកចិត្ត វ័យក្មេងពីរនាក់ នៅរដ្ឋតិចសាស់ បើកច្រឡំទ្វាររថយន្ត ដោយមិនបានប្រុងប្រយ័ត្ន ហើយត្រូវបានបុរស ក្នុងរថយន្តបាញ់ឱ្យរបួស ។ល។
មនុស្សគ្រប់រូបស្ថិតក្នុងសភាព គ្រោះថ្នាក់ មនុស្សគ្រប់រូបត្រូវការពារខ្លួនឯង ហើយមនុស្សគ្រប់រូបមានអារម្មណ៍ អសន្តិសុខកាន់តែខ្លាំងឡើងៗ ពោលគឺ បច្ចុប្បន្ននេះ អារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងៗ បាននិងកំពុងគ្របដណ្តប់លើជានជាតិអាមេរិក ។ ភាពភ័យខ្លាចផ្លូវចិត្តបែបនេះគឺ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយការកើនឡើងនៃអត្រា កើតមានបទឧក្រិដ្ឋ នៅសហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយគណៈកម្មាធិការយុត្តិធម៌ និងបង្រ្កាបព្រហ្មទណ្ឌរបស់អាមេរិកបានបង្ហាញឱ្យឃើញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ករណីឆក់ប្លន់ក្នុងទីក្រុងសំខាន់ៗរបស់អាមេរិកបានកើនឡើង ១៩ ភាគរយ ដោយឡែកករណីចោរកម្មបានកើនឡើង ២០ ភាគរយ ។ កាសែត《USA TODAY》បានចុះផ្សាយដំណឹងថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ករណីឃាតកម្មក្នុងទីក្រុងធំៗដែលជាសមាជិកនៃសមាគមមានសមត្ថកិច្ចត្រួតពិនិត្យទីក្រុងធំៗនៃអាមេរិកបានកើនឡើង ៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ហើយករណីវាយប្រហារដ៏ធ្ងន់ធ្ងរបានកើនឡើងប្រហែល ៣៦ ភាគរយ ។
ដោយសាររងឥទ្ធិពល ពីទស្សនៈប្រកាន់ពូជសាសន៍ ដែលបានចាក់ឬសយ៉ាងជ្រៅ ក្នុងផ្នត់គំនិតរបស់មនុស្ស ជាយូរណាស់មកហើយ បានជាជនជាតិអាមេរិក ច្រើនបង្គួរ បាននិងកំពុងប្រកាន់ទស្សនៈខុសឆ្គងថា “ក្រុមមនុស្សមិនមែនជាជនជាតិស្បែកស គឺមានគ្រោះថ្នាក់” ហេតុនេះហើយ ពួកគេបានបាញ់ប្រហារ ចំពោះក្រុមជនជាតិដើមភាគតិច ដោយមិនបានរងការគំរាមកំហែងណាមួយឡើយ ។
យោងតាមទិន្នន័យបានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ នៃករណីបាញ់ប្រហារ ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលមានអាយុពី ១៥ ឆ្នាំដល់ ៣៤ ឆ្នាំមានសមាមាត្រខ្ពស់បំផុត ហើយហានិភ័យដែលពលរដ្ឋអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវគេបាញ់សម្លាប់ត្រូវជា ១០ដង នៃជនជាតិស្បែកស ។
សូមបញ្ជាក់ថា ការបាញ់ប្រហារដោយ មិនបានប្រឈមនឹងការគំរាមកំហែង បានហួសពីក្របខ័ណ្ឌនៃ”សិទ្ធិការពារខ្លួន”ក្នុងអត្ថន័យធម្មតា ។ យ៉ាងណាមិញ ទង្វើបែបនេះបែរជា ត្រូវបានអនុញ្ញាតក្នុងច្បាប់តំបន់មួយចំនួន នៅសហរដ្ឋអាមេរិក ។ ឧទាហរណ៍ដូចជា “ច្បាប់ស្តីពីការការពារខ្លួន នៅកន្លែងកើតហេតុ “របស់រដ្ឋ Missouri បានអនុញ្ញាតឱ្យប្រើមធ្យោបាយ ដ៍សាហាវ ដើម្បីការពារខ្លួនឬអ្នកដទៃ ខណៈពេលរងការគំរាមកំហែងឬ” មានអារម្មណ៍រងការគំរាមកំហែង” តែមិនគិតពិចារណាថា តើមានលទ្ធភាពជម្លៀសខ្លួន ចេញដោយសុវត្ថិភាពឬអត់ ។
មួយផ្នែក អារម្មណ៍អសន្តិសុខ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មួយផ្នែកទៀត គឺថ្លៃដើមនៃ”ការកាន់កាំភ្លើង”កាន់តែទាបទៅៗ ។ នឹកស្មានមិនដល់ថា នៅក្នុងមហាអំណាចផុតលេខ តែមួយគត់ លើទូទាំងពិភពលោក ដែលអួតអាងថា ខ្លួនជា”ប៉មសិទ្ធិមនុស្ស” “ការបាញ់បោះ”បានកើតមានឡើងមុនពេល “ហាមាត់និយាយ” ទៅទៀត ។ សំដៅចំពោះជនជាតិអាមេរិក ដែលមិនទាន់បាននិយាយផង ក៏ត្រូវគេបាញ់សម្លាប់ទាំងនោះ តើអ្នកណាអាចធានាសិទ្ធិមនុស្ស របស់ពួកគេ ?