ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល៖ សន្ដិភាព អាចកើតឡើងបានតែតាមរយៈ ការសន្ទនា និងការចរចានយោបាយតែប៉ុណ្ណោះ

រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានឲ្យដឹងនៅប្រទេសព័រទុយហ្គាល់ថា សន្តិភាពនឹងសម្រេចបានតែតាមរយៈ “ការសន្ទនា និងការចរចានយោបាយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនសិនហួ។

លោកឲ្យដឹងនៅក្នុងសភាព័រទុយហ្គាល់ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃថា “អ្នកដែលជឿជាក់លើដំណោះស្រាយយោធា ចំពោះបញ្ហាបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំង នឹងទំនោរនៃប្រវត្តិសាស្ត្រ។ គ្មានដំណោះស្រាយ ចំពោះជម្លោះជាតិ ឬអន្តរជាតិនឹងស្ថិតស្ថេរនោះទេ ប្រសិនបើវាមិនផ្អែកលើការសន្ទនា និងការចរចានយោបាយ”។

លោក Lula da Silva បានកត់សម្គាល់ថា មាន “ការកើនឡើងនៃភាពតានតឹង ភូមិសាស្ត្រនយោបាយ” ។លោកថាជម្លោះនៅអ៊ុយក្រែន “មិនអាចបន្តដោយគ្មានកំណត់” ហើយពិភពលោកត្រូវការ “សណ្តាប់ធ្នាប់អន្តរជាតិ ដែលបង្កើតឡើងដោយ ការគោរពច្បាប់អន្តរជាតិ និងការរក្សាអធិបតេយ្យភាពជាតិ”។

លោកបានបន្ថែមថា “វាចាំបាច់ណាស់ក្នុងការ និយាយអំពីសន្តិភាព ដើម្បីឈានទៅដល់គោលដៅនេះ វាចាំបាច់ណាស់ក្នុងការ ដើរលើផ្លូវនៃកិច្ចសន្ទនា និងការទូត” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top