ព័ត៌មានអន្តរជាតិ

គិតត្រឹមដើមឆ្នាំ២០២៣នេះ អ៊ុយក្រែន ទទួលបានជំនួយថវិកាផ្ទាល់ ៦ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប

គៀវ៖ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួល ៦ ពាន់លានអឺរ៉ូ (ប្រហែល ៦,៦ពាន់លានដុល្លារអាមេរិក) ក្នុងជំនួយថវិកាផ្ទាល់ពីសហភាពអឺរ៉ុប រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣នេះ។

អ៊ុយក្រែនបានទទួលជំនួយទី៣ នៃជំនួយម៉ាក្រូហិរញ្ញវត្ថុទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប (MFA) ដែលមានតម្លៃ ១,៥ពាន់លានអឺរ៉ូ (ប្រហែល ១,៦៥ ពាន់លានដុល្លារ) កាលពីថ្ងៃអង្គារ ដែលនឹងត្រូវបានដឹកនាំ ដើម្បីគ្របដណ្តប់ តម្រូវការថវិកាបន្ទាន់។

អ៊ុយក្រែនបានទទួលប្រាក់ឧបត្ថម្ភដំបូងចំនួន 3 ពាន់លានអឺរ៉ូ (ប្រហែល ៣,៣០ ពាន់លានដុល្លារ) នៅក្នុងខែមករា និងលើកទីពីរចំនួន ១,៥ពាន់លានអឺរ៉ូ (ប្រហែល ១,៦៥ពាន់លានដុល្លារ) នៅក្នុងខែមីនា។

ខណៈពេលដែលធ្វើអត្ថាធិប្បាយលើជំនួយនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko បាននិយាយថា ការគាំទ្ររបស់អឺរ៉ុប នឹងជួយរដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអនុវត្តថវិការបស់ប្រទេស “ទាន់ពេលវេលា និងពេញលេញ” ។

គួរបញ្ជាក់ថា ក្រោម MFA សហភាពអឺរ៉ុប គ្រោងនឹងផ្តល់ហិរញ្ញប្បទានសម្បទានសរុបចំនួន ១៨ ពាន់លានអឺរ៉ូ (ប្រហែល ១៩,៨ ពាន់លានដុល្លារ) ដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៣៕

ប្រែសម្រួល ឈូក បូរ៉ា

To Top