ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ជួបសន្ទនា តាមទូរស័ព្ទជាមួយលោក volodymyr zelenskyប្រធានាធិបតី អ៊ុយក្រែន

នៅរសៀលថ្ងៃទី២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន តាមការណាត់ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន ។

លោក Xi Jinping បានលើកឡើងថា ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីទៅវិញទៅមក គឺជាមូលដ្ឋាន នៃនយោបាយ នៃទំនាក់ទំនងចិន-អ៊ុយក្រែន ។ មិនថាស្ថានការណ៍អន្តរជាតិ មានការប្រែប្រួលយ៉ាង ណាក៏ដោយ ក៏ប្រទេសចិនមានឆន្ទៈរួម ជាមួយប្រទេសអ៊ុយក្រែន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ។

លោក Xi Jinping បានថ្លែងបន្តថា ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ជាកិច្ចកាល ប្រទេសចិនតែងតែឈរ នៅម្ខាងនៃសន្តិភាព ហើយគោលជំហរស្នូល គឺជំរុញការផ្សះផ្សាគ្នា និងការចរចា ។ នៅពេលដោះស្រាយបញ្ហានុយក្លេអ៊ែរ គ្រប់ភាគីពាក់ព័ន្ធ គួរតែរក្សាភាពអត់ធ្មត់ ហើយរួមគ្នាគ្រប់គ្រងវិបត្តិឱ្យបានលុ្អ សង្ឃឹមថាគ្រប់ភាគី អាចគិតពិចារណាយ៉ាងស៊ីជម្រៅ ពីបញ្ហាវិបត្តិអ៊ុយក្រែន ហើយរួមគ្នាស្វែងរកមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង នៅអឺរ៉ុបតាមរយៈការចរចា ។
ប្រទេសចិននឹងចាត់បញ្ជូន តំណាងពិសេស ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីរបស់រដ្ឋាភិបាលចិន ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការប្រាស្រ័យ ទាក់ទងយ៉ាងស៊ីជម្រៅ ជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែន តាមវិធីនយោបាយ ។

ជាការឆ្លើយតប លោក Zelensky បានថ្លែងថា អ៊ុយក្រែន គោរពគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា អាចធ្វើកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ដើម្បីបើកទំព័រថ្មី នៃទំនាក់ទំនងអ៊ុយក្រែន-ចិន និងរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពពិភពលោក ។ លោកស្វាគមន៍ប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការស្តារសន្តិភាព និងដោះស្រាយវិបត្តិ តាមមធ្យោបាយការទូត៕

To Top