ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ នឹងប្រើប្រាស់មេរៀន ដែលទទួលបាន ពីការផ្គត់ផ្គង់ជំនួយយោធា ដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់

បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹងប្រើប្រាស់មេរៀន ដែលទទួលបានពីការផ្គត់ផ្គង់ជំនួយយោធា ដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hicks បានប្រាប់សារព័ត៌មាន Bloomberg នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា “មានគុណសម្បត្តិជាច្រើន ដែលយើងទទួលបាន សម្រាប់ការប្រកួតប្រជែង នៅប៉ាស៊ីហ្វិកដ៏មានសក្តានុពល ពីជម្លោះអ៊ុយក្រែន ។ យើងកំពុងរៀនឥឡូវនេះ ដើម្បីពង្រីកមូលដ្ឋាន ឧស្សាហកម្មរបស់យើង និងសិក្សាមូលដ្ឋាន ឧស្សាហកម្មនោះ ដែលមានរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ ។

លោកស្រី Hicks បានពន្យល់ថា ជម្លោះនេះបានលើកឡើងពីការលំបាក ក្នុងការផ្គត់ផ្គង់អាវុធ និងឧបករណ៍ឱ្យបានគ្រប់គ្រាន់ សម្រាប់ទីក្រុងគៀវឱ្យបានឆាប់រហ័ស ។ សហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិដកប្រាក់ របស់ប្រធានាធិបតី (PDA) ម្តងហើយម្តងទៀត ដើម្បីពន្លឿនការផ្ទេរស្តុកទៅអ៊ុយក្រែន ហើយគ្រោង នឹងធ្វើដូចគ្នានេះជាមួយកោះតៃវ៉ាន់ ផងដែរ។

លោកស្រី Hicks បាននិយាយថា “យើងកំពុងគិតអំពីរបៀប ដែលយើងប្រើប្រាស់សិទ្ធិទាំងនោះនាពេលនេះ ដើម្បីបង្កើតការចែកចាយអាវុធកាន់តែលឿន និងមានសមត្ថភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំង របស់យើងនៅប៉ាស៊ីហ្វិក” ដោយបន្ថែមថា មន្ទីរបញ្ចកោណមាន “យុទ្ធសាស្ត្រច្បាស់លាស់ ដែលផ្តោតលើប្រទេសចិន។ ”

ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្រ្តីការពារជាតិ អាមេរិករូបនេះ បានទទួលស្គាល់ថា សហរដ្ឋអាមេរិក មិនជឿថា ទីក្រុងប៉េកាំងកំពុងរៀបចំផែនការ វាយប្រហារលើកោះតៃវ៉ាន់ ជិតមកដល់ក៏ដោយ ប៉ុន្តែលោកស្រីបានអះអាងថា មន្ទីរបញ្ចកោណបានប្តេជ្ញាចិត្តថានឹង “ធ្វើឱ្យប្រាកដថា មេដឹកនាំ (ចិន) ភ្ញាក់ពីដំណេកជារៀងរាល់ថ្ងៃ ហើយ និយាយថា ថ្ងៃនេះមិនមែនជាថ្ងៃ ដើម្បីធ្វើសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់ផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top