គៀវ ៖ មេបញ្ជាការកងទ័ពអាកាស អ៊ុយក្រែន Mykola Oleshchuk បានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាស Patriot ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Oleshchuk បានសរសេរនៅក្នុងសារ Telegram ថា “ចាប់ពីខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធការពារដែនអាកាស Patriot កំពុងបំពេញកាតព្វកិច្ច ប្រយុទ្ធនៅអ៊ុយក្រែន” ។

លោកបានលើកឡើងថា ទាហានអ៊ុយក្រែនកំពុង “ស្ទាត់ជំនាញ” យ៉ាងរហ័សនូវជំនាញរបស់ពួកគេ ក្នុងការប្រើប្រាស់ប្រព័ន្ធការពារដែន អាកាស ។ លោក Oleshchuk បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាស Patriot នឹងជួយអ៊ុយក្រែនការពារផ្ទៃមេឃ របស់ខ្លួនពីមីស៊ីលផ្លោង ។
នៅថ្ងៃទី១៩ ខែមេសា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot បានមកដល់អ៊ុយក្រែន ហើយ ។ យោងតាមអ្នកនាំពាក្យកងទ័ពអាកាស អ៊ុយក្រែន Yuriy Ignat ប្រព័ន្ធមីស៊ីល Patriot អាចបំផ្លាញគោលដៅ នៅចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ ៕
