បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសប្រឆាំងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងទីក្រុងគៀវផងដែរ ដែលបាបបណ្តាលឲ្យមនុស្សយ៉ាងតិច១៣នាក់ស្លាប់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្ត្រីថា មនុស្ស ១១ នាក់រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលបានវាយប្រហារទៅលើប្លុកផ្ទះល្វែងមួយនៅកណ្តាលទីក្រុង Uman ។
ស្ត្រីម្នាក់ និងកូនស្រីអាយុ ៣ ឆ្នាំរបស់នាងត្រូវបានសម្លាប់នៅក្នុងទីក្រុង Dnipro នេះបើយោងតាមអភិបាលក្រុងក្នុងតំបន់។ ការផ្ទុះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងទីក្រុង Kremenchuk កណ្តាលអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្លុកផ្ទះល្វែងស្ថិតក្នុងចំណោមអគារលំនៅដ្ឋានចំនួន ១០ ដែលត្រូវបានខូចខាតនៅក្នុងទីក្រុង Uman ។ សេវាសង្គ្រោះរបស់រដ្ឋបាននិយាយថា កុមារដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងនេះកើតក្នុងឆ្នាំ ២០១៣ ហើយមនុស្ស ១១នាក់ផ្សេងទៀត ត្រូវដឹកទៅកាន់មន្ទីរពេទ្យ។
លោក Zelensky បាននិយាយថា ការវាយប្រហារនេះ បង្ហាញពីសកម្មភាពអន្តរជាតិបន្ថែមទៀត ដែលចាំបាច់ត្រូវចាត់វិធានការប្រឆាំងនឹងរុស្ស៊ី។ លោកបាននិយាយនៅក្នុង tweet ថា “អំពើអាក្រក់អាចត្រូវបានបញ្ឈប់ដោយអាវុធ – អ្នកការពាររបស់យើងកំពុងធ្វើវា ហើយវាអាចត្រូវបានបញ្ឈប់ដោយទណ្ឌកម្ម – ទណ្ឌកម្មសកលត្រូវតែត្រូវបានពង្រឹង” ។
ប្រមុខរដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយថា វាគឺជាការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើកដំបូងលើរដ្ឋធានីក្នុងរយៈពេល ៥១ ថ្ងៃ៕ប្រែសម្រួលៈ ណៃ តុលា