ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា អាមេរិក គំរាមប្រទេសនានា ឱ្យវាយប្រយុទ្ធជាមួយទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង

" "

បរទេស​ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ងាកទៅរកទម្រង់បង្ខិតបង្ខំផ្សេងៗ ខណៈដែលខ្លួនជំរុញ ឱ្យបង្កើតសម្ព័ន្ធភាពក្នុងតំបន់ សំដៅប្រឆាំងនឹងគូប្រជែងភូមិសាស្ត្រ នយោបាយរបស់ខ្លួន រួមទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sergey Shoigu បាននិយាយបែបនេះ ទៅកាន់សមភាគីរបស់គាត់ ដែលតំណាងឱ្យសមាជិកដទៃទៀត នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវដេលី។

" "

លោកថា «សម្ពាធដែលមិនធ្លាប់ មានពីមុនមកកំពុងត្រូវបានអនុវត្ត ចំពោះប្រទេសឯករាជ្យ តាមរយៈការប្រើប្រាស់ការគំរាមកំហែងដោយបើកចំហ ការគំរាមកំហែង ‘បដិវត្តន៍ពណ៌’ រដ្ឋប្រហារ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ។ ឧបករណ៍ទាំងអស់នោះ តាំងពីយូរយារណាស់មកហើយ បានក្លាយជាកាតហៅ ទូរស័ព្ទរបស់បស្ចិមប្រទេស» ។

" "

យោងតាមលោក Shoigu គោលដៅរបស់សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តគឺដើម្បីបំផ្លាញពិភពលោកពហុប៉ូលដែលកំពុងរីកចម្រើន និងរក្សាការត្រួតត្រា របស់ពួកគេ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានប្រាប់អ្នកស្តាប់របស់គាត់ថា ទីក្រុងវ៉ាស៊ីនតោន បានជ្រើសរើសការរុះរើប្រព័ន្ធសន្តិសុខពិភពលោក ដើម្បីបន្តមហិច្ឆតារបស់ខ្លួន ហើយដកខ្លួនចេញពីសន្ធិ សញ្ញាជាច្រើនជាមួយរុស្ស៊ី។

លោក Shoigu បាននិយាយទៀតថា ទីក្រុងម៉ូស្គូបានព្យាយាមលុបបំបាត់ភាពតានតឹង ជាមួយអង្គការណាតូតាមរយៈការទូតនៅឆ្នាំ ២០២១ ប៉ុន្តែសំណើរបស់ខ្លួនត្រូវបានច្រានចោលដោយលោកខាងលិច ដែលបង្ហាញថា អាមេរិកមិនមានឆន្ទៈក្នុងការមានដៃគូស្មើភាពជាមួយរុស្ស៊ីឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top