បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយថា យោធាអ៊ុយក្រែនបានត្រៀមខ្លួន ជាស្រេចដើម្បីបើកការវាយលុកដ៏ធំ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែកំពុងរង់ចាំការបញ្ជាឱ្យវាយប្រហារ ពីមន្ត្រីជាន់ខ្ពស់នៅទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរូបនេះបានថ្លែងក្នុងសន្និសីទ កាសែតកាលពីថ្ងៃសុក្រថា៖ «ដរាបណាយើងមានព្រះហឫទ័យរបស់ព្រះ អាកាសធាតុ និងការសម្រេចចិត្តតាមបញ្ជានោះ យើងនឹងធ្វើវា»។
លោក Reznikov កំពុងធ្វើការពន្យល់សាធារណជន អំពីស្ថានភាពនៃកងកម្លាំងអ៊ុយក្រែន និងការប្រើប្រាស់អាវុធធុនធ្ងន់ដែល ផ្តល់ដោយអ្នកគាំទ្រលោកខាងលិច។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនត្រូវបានផ្គត់ផ្គង់ជាមួយនឹង “ប្រព័ន្ធអាវុធទំនើបៗ ជាពិសេសទាក់ទងនឹង កណ្តាប់ដៃពាសដែក នោះគឺ រថពាសដែក” ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការបណ្តុះបណ្តាលអំពីរបៀប ប្រតិបត្តិការលើរថក្រោះទាំងនោះ គឺនៅតែកំពុងដំណើរការនៅឡើយ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅសប្តាហ៍នេះថា សមាជិកនៃប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក បានប្រគល់សព្វាវុធ ៩៨ភាគរយ ដែលបានសន្យាដល់ទីក្រុងគៀវ រួមទាំងរថពាសដែកចំនួន ១ ៥៥០គ្រឿង និងរថក្រោះចំនួន ២៣០ គ្រឿង។ ប្រធានបញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Christopher Cavoli បានធ្វើការវាយតម្លៃស្រដៀងគ្នានេះ អំឡុងពេលសវនាការសភា នៅប្រទេសកំណើតរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mikhail Podoliak ដែលជាជំនួយការរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជំទាស់នឹងការអះអាងទាំងនោះ ដោយអះអាងនៅក្នុងបទសម្ភាសន៍មួយថា កម្រិតនៃការចែកចាយដែល លើកឡើងដោយមន្ត្រីណាតូគឺ “ខ្ពស់ពេក” ហើយថាប្រទេសរបស់គាត់ ត្រូវការអាវុធបន្ថែមទៀត ៕
ប្រែសម្រួលៈ ណៃ តុលា