ព័ត៌មានអន្តរជាតិ

Update: កងទ័ពអាមេរិក ចេញបញ្ជាហាមហោះហើរ ផ្នែកយោធាដែលមិនសំខាន់ បន្ទាប់ពីឧទ្ធម្ភាគចក្រ AH-64 Apache ២គ្រឿងបានធ្លាក់

បរទេស៖ កងទ័ពអាមេរិក បានបញ្ជាឱ្យជើងហោះហើរ យោធាដែលមិនសំខាន់ ត្រូវហាមហោះហើរ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាល ឱ្យមានមនុស្សស្លាប់នៅរដ្ឋអាឡាស្កា និងរដ្ឋ Kentucky ។ មន្ទីរបញ្ចកោណបាននិយាយថា អាកាសយានិកទាំងអស់ រួមទាំងទាហានសកម្ម ត្រូវតែឆ្លងកាត់ការហ្វឹកហ្វឺនសុវត្ថិភាពបន្ថែម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សាខាយោធាបានប្រកាសពីវិធាន ការនេះនៅថ្ងៃសុក្រ ដោយនិយាយថា បទបញ្ជានេះមានប្រសិទ្ធភាពភ្លាមៗ សម្រាប់បុគ្គលិកកងទ័ពទាំងអស់ ដោយមិនរាប់បញ្ចូលអ្នកដែល “ចូលរួមក្នុងបេសកកម្មសំខាន់ៗ” នោះទេ។

នាយសេនាធិការកងទ័ពជើងគោក James McConville បាននិយាយថា “សុវត្ថិភាពនៃអាកាសយានិក របស់យើងគឺជាអាទិភាពចម្បងរបស់យើង ហើយការឈប់ហោះហើរ នេះគឺជាជំហានដ៏សំខាន់ មួយដើម្បីធ្វើឱ្យប្រាកដថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារគ្រោះថ្នាក់ និងការពារបុគ្គលិករបស់យើង” ។

ការបញ្ឈប់ការហោះហើរនេះ ត្រូវបានជំរុញដោយឧប្បត្តិហេតុថ្មីៗ មួយពាក់ព័ន្ធនឹងយន្តហោះកងទ័ព។

កាលពីថ្ងៃព្រហស្បតិ៍ ឧទ្ធម្ភាគចក្រប្រភេទ AH-64 Apache ចំនួន២គ្រឿងបានធ្លាក់នៅជិតទីក្រុង Healy រដ្ឋ Alaska បន្ទាប់ពីបេសកកម្មហ្វឹកហ្វឺន បណ្តាលឲ្យទាហាន ៣ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ យោធាមិនទាន់កំណត់ពី មូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ ប៉ុន្តែអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងទៅដល់កន្លែងកើតហេតុនៃ ការធ្លាក់នៅថ្ងៃសៅរ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top