ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះ១គ្រឿងដឹកជនជាតិប៉ាគីស្ថាន ចំនួន១៤៩នាក់ ដែលជម្លៀសចេញពីប្រទេសស៊ូដង់ បានមកដល់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន ប្រកបដោយសុវត្ថិភាពហើយ ។
អ្នកនាំពាក្យ លោកស្រី Mumtaz Zahra Baloch បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅទីក្រុង ឥស្លាម៉ាបាដ ថា ជើងហោះហើរ២ផ្សេងទៀត ដែលមានជនជាតិប៉ាគីស្ថាន ប្រហែល២០០នាក់ នៅលើយន្តហោះ ត្រូវបានគេរំពឹងថា នឹងមកដល់នៅពេលក្រោយថ្ងៃសុក្រ ។
យន្តហោះ១គ្រឿង នៅក្នុងចំណោមយន្តហោះទាំងនោះ មានប្រភពមកពីកំពង់ផែស៊ូដង់ និង១ទៀតមកពីទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីនាំយកជនជាតិប៉ាគីស្ថាន ដែលពីមុនត្រូវបានជម្លៀសចេញមកវិញ ។
លោកស្រី Baloch បានលើកឡើផងថា “ផែនការជម្លៀសរបស់យើង ត្រូវបានអនុវត្តជាដំណាក់កាល ។ នៅក្នុងដំណាក់កាលដំបូង នៃប្រតិបត្តិការ ប្រជាជនប៉ាគីស្ថានជាង៨០០នាក់ ត្រូវបានដឹកជញ្ជូនចេញពីរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ទៅកាន់កំពង់ផែ Sudan ដែលមានសុវត្ថិភាពល្អ” ។
លោកស្រីបានឲ្យដឹងទៀតថា ដំណាក់កាលទី២ នៃប្រតិបត្តិការជម្លៀស រួមមានការដឹកជញ្ជូនជនជាតិប៉ាគីស្ថាន ពីកំពង់ផែស៊ូដង់ទៅកាន់ទីក្រុង Jeddah ឬដោយផ្ទាល់ទៅកាន់ប្រទេសប៉ាគីស្ថាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា