ព័ត៌មានអន្តរជាតិ

ជប៉ុន អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់​ សម្រាប់ការរំលូតកូន ជាលើកដំបូង

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ថ្នាំរំលូតកូន នឹងមានលក់នៅក្នុងទីផ្សារ របស់ប្រទេសជប៉ុន ជាលើកដំបូង បន្ទាប់ពីក្រសួងសុខាភិបាល បានអនុម័តថ្នាំដែលប្រើ ដើម្បីបញ្ចប់ការមានគត៌ ក្នុងដំណាក់កាលដំបូង ។

ការរំលូតកូន គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុន រហូតដល់២២សប្តាហ៍ ប៉ុន្តែជាធម្មតាតម្រូវឱ្យមានការយល់ព្រមពីប្តី រឺប្រពន្ធ ឬដៃគូ ហើយរហូតមកដល់ពេលនេះ នីតិវិធីវះកាត់ គឺជាជម្រើសតែមួយគត់ ។

ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីជូនដំណឹង មួយទៅកាន់មន្ត្រីថែទាំសុខភាពកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័តថ្នាំដែលផលិត ដោយក្រុមហ៊ុនឱសថអង់គ្លេស Linepharma ។

ក្រុមហ៊ុនផលិតថ្នាំបាន ដាក់ពាក្យស្នើសុំផលិតផលរបស់ខ្លួន ដែលជាការព្យាបាល២ជំហាននៃថ្នាំ mifepristone និង misoprostol សម្រាប់ការអនុម័ត នៅក្នុងប្រទេសជប៉ុន នៅក្នុងខែធ្នូ ឆ្នាំ២០២១។

ថ្នាំស្រដៀងគ្នានេះមាននៅក្នុងប្រទេសជាច្រើនរួមទាំង ប្រទេសបារាំង ដែលបានអនុម័តថ្នាំរំលូតកូនជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ២០០០ ។

ការអនុម័តថ្នាំគ្រាប់ ដើម្បីបញ្ចប់ការមានគភ៌រហូតដល់៩សប្តាហ៍ បន្ទាប់ពីការអនុម័ត របស់ក្រុមប្រឹក្សាភិបាលក្រសួង ដែលត្រូវបានពន្យារពេល១ខែ ខណៈដែលមតិសាធារណៈរាប់ពាន់ត្រូវបានដាក់ស្នើឡើង ៕

To Top