ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការ រុស្ស៊ីព្រមានថា លោក ពូទីន ប្រឈមមុខ នឹងការគំរាមកំហែង នៃការបះបោរផ្នែកយោធា

ម៉ូស្គូ ៖ អតីតមេបញ្ជាការរុស្ស៊ី Igor Girkin បានព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចប្រឈមមុខនឹង “ការបះបោរផ្នែកយោធា” ពី Wagner Group ដែលជាអង្គភាព យោធាឯកជន ដែលមេដឹកនាំលោក Yevgeny Prigozhin បានរាយការណ៍ថា បានគំរាមដកកងទ័ព របស់លោកចេញ ពីទីក្រុងសមរភូមិ Bakhmut ។

កាលពីថ្ងៃសៅរ៍លោក Girkin បានសរសេរនៅក្នុងសារ Telegram ថាការអំពាវនាវ ឱ្យមានការដកអង្គភាពចេញពី “ផ្នែកខាងមុខដោយគ្មានការ យល់ព្រមពីមេបញ្ជាការជាន់ខ្ពស់ គឺជាការបះបោរយោធា ហើយគ្មានអ្វីផ្សេងទៀតនោះទេ” ។

ក្រុមហ៊ុនទាហានឯកជន Wagner បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកងកម្លាំងរុស្ស៊ី ក្នុងការប៉ុនប៉ងកាន់កាប់ទីក្រុង Bakhhmut ក្នុងប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ Prigozhin ជារឿយៗបានរិះគន់ជាសាធារណៈ ចំពោះក្រសួងការពារជាតិរុស្ស៊ី ចំពោះការមិនផ្តល់គ្រាប់រំសេវ និងជំនួយដល់យុទ្ធជនរបស់លោកបន្ថែមទៀត ។

នៅក្នុងការបង្ហោះ Telegram មួយផ្សេងទៀតកាលពីថ្ងៃសៅរ៍លោក Girkin បានសរសេរថា Prigozhin “បើកចំហ” បង្ខូចការដឹកនាំយោធារបស់រុស្ស៊ី ដោយព្រមានថា Wagner Group នឹងចាកចេញពីទីតាំង របស់ខ្លួននៅទីក្រុង Bakhmut ប្រសិនបើបញ្ហានៃការផ្គត់ផ្គង់កងកម្លាំង របស់លោកជាមួយនឹងគ្រាប់រំសេវ មិនត្រូវបានដោះស្រាយ នៅថ្ងៃសុក្រ ។

អតីតមេបញ្ជាការរុស្ស៊ីក៏បានសរសេរថា លោក Prigozhin ដឹងថា ការដកកងទ័ពរបស់លោកអាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” សម្រាប់រុស្ស៊ីមុនពេលការវាយលុក របស់អ៊ុយក្រែនដែលត្រូវបានរំពឹងទុក នៅនិទាឃរដូវនេះ។

ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បាននិងកំពុងផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែនជាមួយ នឹងឧបករណ៍យោធាទំនើបៗ រថក្រោះ និងកាំភ្លើងធំ ក្នុងចំណោមធនធានផ្សេងទៀត ដើម្បីជួយប្រទេសដែលហែកហួរ ដោយសង្រ្គាម ត្រូវបានរៀបចំយ៉ាងល្អ សម្រាប់ការវាយលុកនាពេលខាងមុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top