ព័ត៌មានអន្តរជាតិ

Update៖ ការប្រយុទ្ធគ្នាកាន់តែខ្លាំង នៅរដ្ឋធានីរបស់ស៊ូដង់ ក្រោយបញ្ចប់នូវ បទឈប់បាញ់គ្នា ចុងក្រោយ

ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ការប្រយុទ្ធគ្នាបានកាន់តែខ្លាំង នៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ដោយបានបញ្ចប់នូវបទឈប់បាញ់ ចុងក្រោយ ដែលមានគោលបំណង អនុញ្ញាតឱ្យ ប្រជាជនភៀសខ្លួន ទៅកាន់ទីទួល មានសុវត្ថិភាព ។

នៅថ្ងៃអាទិត្យនេះ កងទ័ពបានឲ្យដឹងថា ខ្លួនកំពុងវាយលុកទីក្រុងពីគ្រប់ទិសទី ដោយមានការវាយប្រហារតាមផ្លូវអាកាស និងបានបាញ់កាំភ្លើងធំធុនធ្ងន់ ដើម្បីកម្ចាត់គូប្រជែងប៉ារ៉ាយោធារបស់ខ្លួន ។

បទឈប់បាញ់ចុងក្រោយបំផុត ត្រូវបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះ ។ មនុស្សរាប់លាននាក់ នៅតែជាប់គាំងនៅក្នុងរដ្ឋធានី ជាកន្លែងដែលកំពុងខ្វះខាតអាហារហូបចុក ។

គេបានដឹងថា បរទេសបានជម្លៀសប្រជាជនរបស់ខ្លួន ចំពេលមានភាពចលាចលកើតឡើង ។

មនុស្សជាង៥០០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសារវាងកងទ័ពធម្មតា និងកងកម្លាំងគាំទ្ររហ័ស ហៅកាត់ថា (RSF) ។ ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសអាចមានច្រើនជាងនេះ ។

មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងប្រធាន RSF លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា ជា Hemedti កំពុងប្រជែងគ្នាដណ្តើមអំណាច ហើយមិនយល់ស្របជាពិសេស អំពីផែនការដាក់បញ្ចូលកងទ័ព RSF ទៅក្នុងជួរកងទ័ពរបស់ស៊ូដង់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top