ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន កូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំកំពូល ៣ ផ្លូវនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា

តូក្យូ៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតីលោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង នៅចុងខែនេះក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងនេះ សម្រាប់កិច្ចប្រជុំកំពូលនៅឆ្នាំនេះនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧។

មន្ត្រី​ដែល​បានឲ្យដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នោះ មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ជួប​គ្នា​បី​ភាគី​នោះ​ទេ។ យោងតាមប្រភពការទូត ទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ដែលជាថ្ងៃបិទនៃកិច្ចប្រជុំកំពូល G-7 រយៈពេល ៣ថ្ងៃ មុនពេលលោក បៃដិន ចាកចេញទៅកាន់ប្រទេសអូស្ត្រាលីពីទីក្រុងជប៉ុន។

លោក បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនក្នុងអំឡុងកិច្ចប្រជុំកំពូលនៅសេតវិមានថា ពួកគេនឹងបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុនដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក បៃដិន ក៏បានសាទរផងដែរ ចំពោះ “ភាពក្លាហានខាងនយោបាយ” របស់លោក Yoon ក្នុងការធ្វើការជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា ដើម្បីកែលម្អទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូ បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំជុំវិញបញ្ហាប្រវត្តិសាស្ត្រ។

លោក Yoon ដែលបានទៅទស្សនាទីក្រុងតូក្យូ កាលពីខែមីនាត្រូវបានអញ្ជើញដោយ Kishida ជាភ្ញៀវម្នាក់សម្រាប់ការពិភាក្សាបន្ថែមនៅឯកិច្ចប្រជុំ G-7 ។ ប្រភពការទូតបានឲ្យដឹងនៅមុននេះបន្តិចថា លោក គីស៊ីដា ឥឡូវនេះកំពុងពិចារណាធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កូរ៉េខាងត្បូងចាប់ពីថ្ងៃអាទិត្យ៕ប្រែសម្រួល ឈូក បូរ៉ា

To Top