កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កាលពីថ្ងៃអាទិត្យ បានប្រកាសពីការប្តេជ្ញា ចិត្តរបស់ពួកគេ ចំពោះបទឈប់បាញ់មនុស្សធម៌ថ្មីរយៈពេល ៧២ ម៉ោង ដែលមានប្រសិទ្ធភាព គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃអាទិត្យ។
កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយផ្អែកលើការខិតខំប្រឹងប្រែង និងសំណើនៃការសម្រុះសម្រួល អារ៉ាប៊ីសាអូឌីត-អាមេរិក កងកម្លាំងប្រដាប់អាវុធបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៧២ម៉ោងបន្ថែមទៀត ដើម្បីចាប់ផ្តើមនៅចុងបញ្ចប់នៃសម័យបច្ចុប្បន្ន” ។
កងទ័ពបានសម្តែងក្តីសង្ឃឹមថា ភាគីម្ខាងទៀតនឹងគោរពតាមបទឈប់បាញ់។ សម្រាប់ផ្នែករបស់ខ្លួន RSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវអន្តរជាតិក្នុងតំបន់ និងក្នុងស្រុក យើងប្រកាសពន្យារពេលបទឈប់បាញ់មនុស្សធម៌សម្រាប់រយៈពេល ៧២ ម៉ោងបន្ថែមទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃនេះ”។
ប្រភពពី RSF បានឲ្យដឹងថា ខ្លួនយល់ព្រម ចំពោះការបន្តបទឈប់បាញ់ ដើម្បីបើកច្រកមនុស្សធម៌ សម្រួលដល់ចលនារបស់ប្រជាពលរដ្ឋ និងអាចឱ្យពួកគេទទួលបានតម្រូវការ និងទៅដល់តំបន់សុវត្ថិភាព។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ RSF ចំពោះលក្ខខណ្ឌនៃបទឈប់បាញ់មនុស្សធម៌ និងបទឈប់បាញ់ពេញលេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃអាទិត្យដែរ អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បាននិយាយថា ការបិទដែនអាកាសរបស់ប្រទេសនេះនឹងត្រូវពន្យារដល់ថ្ងៃទី ១៣ ខែឧសភា។ ជើងហោះហើរ សម្រាប់ជំនួយមនុស្សធម៌ និងការជម្លៀសមិនត្រូវបានរាប់បញ្ចូល បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ និងការយល់ព្រមពីកងកម្លាំងប្រដាប់អាវុធស៊ូដង់៕
ប្រែសម្រួល ឈូក បូរ៉ា