ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងថា ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី កូរ៉េខាងត្បូង ទៅកាន់អាមេរិក ជាគ្រោះថ្នាក់សម្រាប់ សង្គ្រាមនុយក្លេអ៊ែរ

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានចុះផ្សាយថា ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់ ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk-yeol គឺជា “ដំណើរដ៏អរិភាព ឈ្លានពាន និងបង្កហេតុ និងគ្រោះថ្នាក់បំផុតសម្រាប់ សង្គ្រាមនុយក្លេអ៊ែរ” ។

នៅក្នុងការអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសម្តែងការរិះគន់យ៉ាងចាស់ដៃ និងការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបានរិះគន់ទៅលើឯកសារ និងវោហាសាស្ត្រ ដែលចេញមកពីកិច្ចចរចា កំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះនៅទីក្រុងវ៉ាស៊ីនតោន។

ការអត្ថាធិប្បាយបានចាប់ផ្តើមដោយការ ដាក់សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជាឯកសារហត្ថលេខា ស្តីពីការធ្វើឱ្យប្រសើរឡើងនូវ “ការរារាំងបន្ថែម” ប្រឆាំងនឹងកូរ៉េខាងជើង ដោយបានថ្កោលទោសវាថាជា “ផលិតផលធម្មតានៃគោលនយោបាយអរិភាពដ៏អាក្រក់ ចំពោះកូរ៉េខាងជើង” ដែលត្រូវបានរចនាឡើង ដើម្បីបង្កើត “សង្រ្គាមនុយក្លេអ៊ែរ ប្រឆាំង​នឹង​កូរ៉េខាងជើង ​មិន​អាច​សម្រេច​បាន”។

សារព័ត៌មានដដែលបានបន្ថែមថា “មិនមានរឿងមុននោះទេ ដែលថាពួកគេ (សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង) បានចាត់តាំងកូរ៉េខាងជើង ជាគោលដៅ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាសាធារណៈដល់ពិភពលោក ហើយបាននិយាយដោយមិនលាក់លៀមអំពីការដាក់ពង្រាយទ្រព្យសម្បត្តិនុយក្លេអ៊ែរជាយុទ្ធសាស្ត្រជាប្រចាំ និងប្រកបដោយនិរន្តរភាពទៅកាន់ឧបទ្វីបកូរ៉េ”។

ការអត្ថាធិប្បាយបន្ទាប់មកមានការរិះគន់មេដឹកនាំកូរ៉េខាងត្បូងដោយថា “ទង្វើក្បត់ និងចុះចូលរបស់លោក ចំពោះសហរដ្ឋអាមេរិក កំពុងប្រែក្លាយកូរ៉េខាងត្បូងទៅជាឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងមូលដ្ឋានជឿនលឿន សម្រាប់សង្គ្រាមនុយក្លេអ៊ែរ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងផល ប្រយោជន៍មិនត្រឹមតែឧបទ្វីប កូរ៉េប៉ុណ្ណោះទេថែម ទាំងក្នុងតំបន់ផងដែរ “។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដែលបានប្រកាស ពីការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរថ្មី និងដំណើរទស្សនកិច្ចនាពេលខាងមុខ នៃនាវាមុជទឹកនុយក្លេអ៊ែរបស់ សហរដ្ឋអាមេរិក ទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងអ្វីដែលគេហៅថាការរារាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top