ព័ត៌មានអន្តរជាតិ

មេទ័ពស៊ីឈ្នួល Wagner របស់រុស្ស៊ី គំរាមដកទ័ពចេញ ពីទីក្រុងសមរភូមិជួរមុខ Bakhmut នៅអ៊ុយក្រែន

គៀវ៖ ប្រមុខកងកម្លាំងស៊ីឈ្នួល Wagner របស់រុស្ស៊ី គំរាមដកទ័ពចេញពីសមរភូមិដ៏សំខាន់ សម្រាប់ទីក្រុង Bakhmut នៅភាគខាងកើតអ៊ុយក្រែន ខណៈអត្រាអ្នកស្លាប់កើនឡើង ខណៈអាជ្ញាធរយោធាអ៊ុយក្រែន ឲ្យដឹងថា កងកម្លាំងរុស្ស៊ី មិនអាចកាត់ផ្លូវផ្គត់ផ្គង់របស់ពួកគេ ទៅកាន់ទីក្រុងជួរមុខបាននោះទេ។

ចៅហ្វាយនាយក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសរសេរប្លុកយោធារុស្ស៊ី លោក Semyon Pegov ថាការខាតបង់នៅទីក្រុងសមរភូមិ Bakhmut គឺខ្ពស់ជាងការចាំបាច់ចំនួន ៨ដង ដោយសារកង្វះគ្រាប់កាំភ្លើងធំ។

លោក Prigozhin បានលើកឡើងថា “ជារៀងរាល់ថ្ងៃ យើងមានជង់សាកសពរាប់ពាន់ ដែលយើងដាក់ក្នុងមឈូសហើយបញ្ជូនទៅផ្ទះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លោក Prigozhin បានបន្ដថា លោកបានសរសេរទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ស្នើសុំគ្រាប់រំសេវឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ លោក​បានបន្ថែម​ថា “ប្រសិន​បើ​ឱនភាព​គ្រាប់​រំសេវ ​មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ទៀត​ទេ យើង​ត្រូវ​បង្ខំ​ដើម្បី​កុំ​ឲ្យ​រត់​ដូច​សត្វ​កណ្ដុរ​ កំសាក​បន្ទាប់​ពី​នោះទាំងការ​ដកទ័ព​ចេញ ឬ​ត្រូវស្លាប់”។

ការដកអ្នកប្រយុទ្ធមួយចំនួន ចេញពីទីក្រុង Bakhmut ទំនងណាស់ ប៉ុន្តែលោកបានព្រមានថា នេះមានន័យថា ជួរមុខរបស់រុស្ស៊ី នឹងដួលរលំនៅកន្លែងផ្សេង។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសំឡេង ដែលបានចេញផ្សាយ នៅលើគណនីកម្មវិធីផ្ញើសារ Telegram នៃសេវាកម្មសារព័ត៌មានរបស់លោក កាលពីល្ងាចថ្ងៃសៅរ៍ ថៅកែ Wagner បានលើកឡើងថា លោកបានបាត់បង់អ្នកប្រយុទ្ធចំនួន ៩៤នាក់ ដោយសារតែខ្វះគ្រាប់រំសេវ។

លោក Prigozhin ដែលពីមុនបានចោទប្រកាន់ កងកម្លាំងប្រដាប់អាវុធធម្មតា របស់រុស្ស៊ីថា មិនបានផ្តល់ឱ្យបុរសរបស់លោក នូវគ្រាប់រំសេវដែលពួកគេត្រូវការបានលើកឡើងថា “វានឹងតិចជាង ៨ដង ប្រសិនបើយើងមានគ្រាប់រំសេវកាន់តែច្រើន” ។ លោក​ក៏​បាន​ចោទ​ប្រកាន់​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី​ថា ​ក្បត់​ជាតិផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top