ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារ ទ្រង់ទ្រាយធំ លើឧស្សាហកម្មយោធា របស់អ៊ុយក្រែន

បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារទ្រង់ទ្រាយធំ​ ទៅលើឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងបានរារាំងដំណើរការផលិតអាវុធ រំសេវជាច្រើនរបស់អ៊ុយក្រែនផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រសួងបានបញ្ជាក់ថា៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីល ដែលមានរយៈចំងាយឆ្ងាយតាមផ្លូវគោកផ្លូវអាកាស និងផ្លូវទឹកផងទៅលើទីតាំងរោងចក្រ ផលិតអាវុធជាច្រើនរបស់អ៊ុយក្រែន ហើយជាលទ្ធផលគោលដៅទាំងអស់ ត្រូវបានវាយប្រហារតាមការរំពឹងទុក។

ខណៈដែលយោធារុស្សីមិនបាន លំអិតអំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនៅឡើយនោះសារព័ត៌មាន អ៊ុយក្រែនបានរាយការណ៍ថាទីតាំង ដែលត្រូវបានរងការវាយប្រហារនោះ មានទាំងទីក្រុង Kiev តំបន់ Sumy និងតំបន់ Dnepropetrovsk ផងដែរហើយនិងចុងក្រោយទីក្រុង ដែលរងការវាយប្រហារអាក្រក់ជាងគេនោះគឺ Pavlograd។

របាយការណ៍បន្ទាន់ដែលអ៊ុយក្រែន បានប្រកាសបានឲ្យដឹងដែរថាការផ្ទុះនៅក្នុងទីក្រុង Pavlograd បានធ្វើឲ្យមានការខូចខាតដល់ផ្ទះសំបែង របស់ពលរដ្ឋដល់ទៅ៨០ទីតាំង និងអគារស្នាក់នៅកំពស់ច្រើនជាន់ចំនួន ២កន្លែងផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top