ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃអង្គារនេះថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Yoon Suk-yeol ខណៈដែលសម្ព័ន្ធមិត្តអាមេរិកទាំង២ បន្តទំនាក់ទំនងដ៏កក់ក្តៅបំផុត ។

គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ច ជាលើកដំបូង ទៅកាន់ប្រទេសនេះដោយនាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីឆ្នាំ ២០១៨ ហើយកើតឡើង បន្ទាប់ពីលោក Kishida និងលោក Yoon បានយល់ព្រមបញ្ចប់ ការទប់ស្កាត់ពាណិជ្ជកម្ម ហៅថា tit-for-tat នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែមីនានៅទីក្រុងតូក្យូ ។

ប្រទេសជិតខាងត្រូវបានជាប់គាំង នៅក្នុងជម្លោះដ៏ជូរចត់អស់រយៈពេលជាច្រើនឆ្នាំជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។

ប៉ុន្តែ លោក Yoon មានបំណងចង់បញ្ចប់ជម្លោះ និងបង្កើតរណសិរ្សរួបរួមប្រឆាំងនឹងបញ្ហាប្រឈមនៅក្នុងតំបន់ រួមទាំងកូរ៉េខាងជើងផងដែរ ។

លោក Kishida បានថ្លែងនៅក្នុងប្រទេសហ្គាណា ដែលជាជើងទី២នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤ និងសិង្ហបុរី ថា “យើងកំពុងសម្របសម្រួល (របស់ខ្ញុំ) ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៧ និងទី៨ ខែឧសភា ប្រសិនបើកាលៈទេសៈអនុញ្ញាតឲ្យ” ។

លោកបានប្រាប់ដល់អ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ច នៅមុនកិច្ចប្រជុំកំពូលក្រុម G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជា “ឱកាសដ៏ល្អមួយ ដើម្បីរៀបចំការផ្លាស់ប្តូរ មតិដោយ ស្មោះត្រង់ ជុំវិញការពន្លឿនទំនាក់ ទំនងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងស្ថានភាពអន្តរជាតិ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ។

លោក Kishida បានថ្លែងថា លោកសង្ឃឹមថា ដំណើរកម្សាន្តនេះនឹង “ផ្តល់សន្ទុះដល់ការបញ្ជូនការទូត” រវាងប្រទេសជប៉ុន និងកូរ៉ែខាងត្បូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top