ព័ត៌មានអន្តរជាតិ

ឥស្សរជនជាន់ខ្ពស់ ម្នាក់ក្នុងចំណោមក្រុមសកម្មប្រយុទ្ធឥស្លាម ជីហាត ប៉ាឡេស្ទីន ធ្វើកូដកម្មបង្អត់អាហារខ្លួនឯង រហូតដល់ស្លាប់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា លោក Khader Adnan ឥស្សរជនជាន់ខ្ពស់ម្នាក់ នៅក្នុងចំណោមក្រុមសកម្មប្រយុទ្ធឥស្លាម ជីហាត ប៉ាឡេស្ទីន បានស្លាប់នៅក្នុងពន្ធនាគារអ៊ីស្រាអ៊ែល បន្ទាប់ពីបានធ្វើកូដកម្មអត់អាហារអស់រយៈពេល៨៦ថ្ងៃ ។

ក្រុមសេវាពន្ធនាគារអ៊ីស្រាអ៊ែល ហៅកាត់ថា (IPS) បានឲ្យដឹងថា គាត់ត្រូវបានគេរកឃើញដួលសន្លប់នៅព្រឹកថ្ងៃអង្គារនេះ ។ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែការព្យាយាមសង្គ្រោះដល់រូបគាត់មិនបានជោគជ័យឡើយ ។

ខាង IPS បានឲ្យដឹងថា គាត់បានបដិសេធមិនទទួលការធ្វើតេស្តវេជ្ជសាស្រ្ត និងទទួលបានការព្យាបាលអ្វីឡើយ ។

បន្ទាប់ពីការស្លាប់ត្រូវបានប្រកាស ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតយ៉ាងតិចចំនួន៣គ្រាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយមិនមាននរណាម្នាក់រងរបួសនោះទេ ។

ក្រុមជីហាដឥស្លាមដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីមុនបានប្រកាសដល់អ៊ីស្រាអ៊ែលថា នឹង “បង់ថ្លៃ” ប្រសិនបើគាត់ស្លាប់នៅក្នុងគុកមែននោះ ។

លោក Khader Adnan អាយុ៤៤ឆ្នាំត្រូវបានចោទប្រកាន់ថា ជាកម្មសិទ្ធិរបស់ក្រុមភេរវករ និងញុះញង់ហើយនឹងត្រូវកាត់ទោសនៅក្នុងខែនេះ ។

លោក Adnan មកពី Jenin នៅតំបន់ West Bank ដែលកាន់កាប់ ហើយបានចូល និងចេញពីការឃុំខ្លួនរបស់អ៊ីស្រាអ៊ែល ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ។

គេបានដឹងថា គាត់ធ្លាប់ធ្វើកូដកម្មអត់អាហារចំនួន៥លើក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top