បរទេស៖ អ្នកតវ៉ាជិត ៣០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្ម ដ៏ធំ នៃទិវាពលកម្ម នៅក្នុងប្រទេសបារាំង ប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាស។ យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា មន្ត្រីប៉ូលិសជាង ១០០ នាក់បានរងរបួស ក្នុងអំឡុងពេលចលាចលនេះ។
យោងតាមសារព័ត៌មាន RT ចេញោផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃចន្ទថា ប៉ូលីសបានឃាត់ខ្លួនមនុស្សសរុបចំនួន ២៩១ នាក់នៅទូទាំងប្រទេស ក្នុងនោះ ១១១ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស។ លោកបានកត់សម្គាល់ថា យ៉ាងហោចណាស់មានមន្ត្រី១០៨នាក់បានរងរបួស ជាតួលេខដែលលោកបានពណ៌នាថាជា “កម្រខ្លាំងណាស់” សម្រាប់ការតវ៉ានៅថ្ងៃទី ១ ខែឧសភា។
លោករដ្ឋមន្ត្រីបាននិយាយថា នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងតែម្នាក់ឯង មន្ត្រីសរុបចំនួន ២៥ នាក់បានរងរបួស ដោយម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខ និងដៃ ។
លោក Darmanin បានឱ្យដឹងថា ចំនួនមនុស្សសរុបដែលបានចូលរួមការតវ៉ានៅទូទាំងប្រទេសចំនួន ៧៨២ ០០០នាក់។ ទោះជាយ៉ាងណាក៏ដោយ ខាងសហជីព CGT បានជំទាស់នឹងតួលេខនេះ ដោយអះអាងថា មនុស្សជិត ២,៣ លាននាក់បានដើរតាមផ្លូវទូទាំងប្រទេស។
ខណៈពេលដែលបាតុកម្មជាច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធី ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងប៉ូលិស និងបាតុករនៅតាមទីតាំងមួយចំនួន នេះបើយោងតាមខ្សែវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមអ្នកតវ៉ាបានគប់វត្ថុផ្សេងៗ និងដបគ្រាប់បែកសាំងទៅកាន់ប៉ូលិស ដែលបានឆ្លើយតបដោយការប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក៕
ប្រែសម្រួលៈ ណៃ តុលា