ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិក នៅទីក្រុងគៀវ បារម្ភពីការវាយប្រហារដោយគ្រាប់មីស៊ីល ក្រោយរុស្ស៊ីព្រមានសងសឹក​ លើអ៊ុយក្រែន

បរទេស៖ បេសកកម្មការទូតរបស់ សហរដ្ឋអាមេរិកនៅរដ្ឋធានីអ៊ុយក្រែន បានណែនាំប្រជាជនអាមេរិក កុំឱ្យព្រងើយកន្តើយនឹងការ ជូនដំណឹងព្រមានតាមអាកាស និងត្រូវរកទីជម្រកឱ្យបានត្រឹមត្រូវ ដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ុនប៉ង វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកលើវិមានក្រឹមឡាំង ដែលមន្ត្រីរុស្ស៊ីបានសំដៅលើទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ បានចេញការជូនដំណឹងសន្តិសុខអំពី “ការគំរាមកំហែងកាន់តែខ្លាំង នៃការវាយប្រហារដោយមីស៊ីល” នៅទូទាំងប្រទេសអ៊ុយក្រែន ដោយលើកឡើងពី “ការវាយប្រហារនាពេលថ្មីៗនេះ នៅទូទាំងប្រទេសអ៊ុយក្រែន និងវោហាសាស្ត្រដ៏ក្តៅគគុកពីទីក្រុងម៉ូស្គូ” ។ នៅព្រឹកថ្ងៃដដែល មន្ត្រីរុស្ស៊ីបានព្រមានពី “ការសងសឹក” ចំពោះការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើវិមានក្រឹមឡាំង ។

គន្លឹះផ្នែកសុវត្ថិភាពមួយរបស់ ស្ថានទូតអាមេរិកបានសង្កត់ធ្ងន់ថា “ត្រូវដឹងថា ទោះបីជាមីស៊ីល ឬយន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ក៏ដោយ ការធ្លាក់កំទេចកំទីដែលជា ហានិភ័យដ៏ធំផងដែរ” ។

បេសកជនការទូតអាមេរិកបានបន្ថែមថា ជនជាតិអាមេរិកណាក៏ដោយ ដែលនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែន ត្រូវតែមាន “ផែនការបន្ទាន់មួយដែលមិនពឹងផ្អែកលើ ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក” ហើយគួរតែចាកចេញពីប្រទេស “នៅពេលដែលវាមាន សុវត្ថិភាពក្នុងការធ្វើដូច្នេះ” ។

សូមជម្រាបថា ការិយាល័យប្រធានាធិបតីរុស្ស៊ី បានប្រកាសកាលពីព្រឹកថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើក ខ្នាតតូចចំនួនពីរត្រូវបានបាញ់ទម្លាក់ ពីលើកន្លែងធ្វើការរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយប្រើវិធានការធ្វើសង្គ្រាមអេឡិចត្រូនិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបាន ពណ៌នាការវាយប្រហារនេះថាជា “សកម្មភាពភេរវករ ដែលបានគ្រោងទុកជាមុន” ដោយកងកម្លាំងអ៊ុយក្រែន និងការប៉ុនប៉ងលើជីវិតរបស់លោកពូទីន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top