ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការសម្លាប់លោក ពូទីន ត្រូវបានបរាជ័យ

បរទេស ៖ ការិយាល័យ របស់លោកប្រធានាធិបតីរុស្ស៊ី បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការ វាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកពីរគ្រឿង ក្នុងមួយយប់ក្នុងគោលបំណង វាយប្រហារលំនៅឋាន របស់ប្រធានាធីបតី ពូទីន នៅក្នុងវិមានក្រឹមឡាំង ។ យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋបាលប្រធានាធិបតីបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានទម្លាក់ដោយប្រើវិធានការ សង្គ្រាមអេឡិចត្រូនិក ហើយមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬការខូចខាតនោះទេ ។ ទីក្រុងម៉ូស្គូចាត់ទុកឧបទ្ទវហេតុនេះថា ជាអំពើភេរវកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ហើយយន្តហោះគ្មាន មនុស្សបើកទាំងពីរគ្រឿង បានធ្លាក់នៅលើទឹកដីនៃវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ, ការិយាល័យប្រធានាធិបតី បានបញ្ជាក់ផងដែរថា កាលវិភាគរបស់មេដឹកនាំរុស្ស៊ី មិនប៉ះពាល់នោះទេ។

ការិយាល័យនេះបានបន្ថែមថា “យើងចាត់ទុកថានេះជាសកម្មភាព ភេរវករដែលបានគ្រោងទុកទុកជាមុន និងការប៉ុនប៉ងប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី”។ ឧបទ្ទវហេតុនេះបានកើតឡើង “នៅមុនថ្ងៃជ័យជំនះនិង ក្បួនដង្ហែរនៅថ្ងៃទី ៩ ខែឧសភានៅពេលដែលភ្ញៀវបរទេសគ្រោងនឹងមានវត្តមាន” នៅរុស្ស៊ី ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការសងសឹកតាមរបៀប ទីកន្លែង និងពេលវេលា នៃការជ្រើសរើសរបស់ខ្លួន៕

To Top