ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងសហភាពអឺរ៉ុប យល់ព្រមបន្ត របបពាណិជ្ជកម្មអនុគ្រោះ រយៈពេលមួយឆ្នាំទៀត

គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និង សហភាពអឺរ៉ុប បានយល់ព្រមបន្តរយៈពេលមួយឆ្នាំ នូវរបបពាណិជ្ជកម្ម អនុគ្រោះរបស់ពួកគេ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែមិថុនា ។

អ៊ុយក្រែន និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការបន្ត “របបគ្មានទិដ្ឋាការសេដ្ឋកិច្ច” សម្រាប់មួយឆ្នាំទៀត។ លោក Shmyhal បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្ដាញ Telegram ថាអាជីវកម្មអ៊ុយក្រែន នឹងអាចបន្តលក់ទំនិញរបស់ពួកគេទៅសហភាពអឺរ៉ុប ដោយគ្មានកូតា ឬពន្ធ។

លោក Shmyhal បានលើកឡើងថា ការបន្តច្បាប់ពាណិជ្ជកម្ម អនុគ្រោះនឹងរួមចំណែកដល់ការ រស់ឡើងវិញ នៃសេដ្ឋកិច្ចអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក​បាន​កត់​សម្គាល់​ថា ការ​ចូល​ប្រើប្រាស់​ផលិតផល​កសិកម្ម ​របស់​អ៊ុយក្រែន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​មួយ​ផ្នែក​បន្ទាប់​ពី​មាន​បម្រាម​ដោយ​ប្រទេស​ជិត​ខាង​ចំនួន ៥។

លោក Shmyhal បានបន្ដថា គណៈកម្មការអឺរ៉ុប បានបង្កើតយន្តការ សម្រុះសម្រួលមួយ ដែលដាក់កំហិតជាបណ្ដោះអាសន្នអ៊ុយក្រែន ពីការនាំចេញផលិតផលកសិកម្មចំនួន ៤ប្រភេទទៅកាន់ប្រទេសជិតខាង។

របបពាណិជ្ជកម្មអនុគ្រោះអ៊ុយក្រែន-សហភាពអឺរ៉ុប ការលុបចោលពន្ធគយ និងកូតាលើទំនិញឧស្សាហកម្ម និងម្ហូបអាហាររបស់អ៊ុយក្រែន បានចូលជាធរមាននៅខែមិថុនា ឆ្នាំ ២០២២ ។ កាលពីខែមុន ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី ប៊ុលហ្គារី និងរូម៉ានី បានដាក់កំហិតការនាំចូល ជាឯកតោភាគីលើទំនិញ កសិកម្មពីអ៊ុយក្រែន ៕

To Top