ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ច្រានចោលការចោទ ប្រកាន់របស់រុស្ស៊ី ដែលថាអ៊ុយក្រែន ប៉ុនប៉ងធ្វើឃាតលោក ពូទីន ដោយយន្ដហោះដ្រូន

គៀវ ៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូនលើវិមានក្រឹមឡាំងក្នុងគោលបំណងសម្លាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាការ ចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ដែលក្រុងម៉ូស្គូបានឈានដល់កម្រិតប្រឆាំងនឹងទីក្រុងគៀវ ចាប់តាំងពីសង្គ្រាមលើអ្នក ជិតខាងមួយនេះបានចាប់ផ្តើម។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធដោយរដ្ឋាភិបាលរុស្ស៊ី និងរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋមួយចំនួន ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក​វូឡូឌីមៀ ហ្សេឡិនស្គី បានច្រានចោលការចោទប្រកាន់នេះភ្លាមៗផងដែរ។

មន្ត្រីរុស្ស៊ីបានឲ្យដឹងថា នៅពេលនោះ លោក ពូទីន មិននៅក្នុងអគារនោះទេ ហើយមិនមានការខូចខាតសម្ភារៈដល់វិមានក្រឹមឡាំងនោះទេ ខណៈដែលពួកគេបានព្រមានអំពីសិទ្ធិរបស់ពួកគេ ក្នុងការសងសឹក ទៅលើប្រទេសអ៊ុយក្រែនវិញ។

សារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា “វិមានក្រឹមឡាំង បានវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្ម ដែលបានគ្រោងទុក និងការប៉ុនប៉ងធ្វើឃាត លើប្រធានាធិបតីនៅមុនថ្ងៃនៃទិវាជ័យជំនះ ក្បួនដង្ហែរថ្ងៃទី០៩ ខែឧសភា” ដោយបន្ថែមថា លោក ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគ របស់លោកនោះទេ ហើយកំពុងធ្វើការនៅលំនៅដ្ឋាន ណូវូ អូហ្គាយូវ៉ូ របស់លោកនៅខាងក្រៅទីក្រុងម៉ូស្គូ។

ទីក្រុងមូស្គូបានប្តេជ្ញាថា ក្បួនដង្ហែនឹង ដំណើរការទៅមុខ ចំពេលមានការអំពាវនាវឱ្យមានប្រតិកម្មដ៏តឹងតែងប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

អតីតប្រធានាធិបតីលោក​ ឌីមេទ្រី មេដវេដេវ បានអំពាវនាវឱ្យមាន “ការលុបបំបាត់របស់លោក ហ្សេឡិនស្គី នៅក្នុងនោះដែរលោក វូឡូឌីន ដែលជាវាគ្មិននៃសម្ព័ន្ធឌូម៉ា របស់រុស្ស៊ី និងលោក ពូទីន បានឲ្យដឹងថា “យើងនឹងទាមទារឱ្យមានការប្រើប្រាស់អាវុធ ដែលមានសមត្ថភាពអាចបញ្ឈប់ និងបំផ្លាញរបបភេរវករនៃទីក្រុងគៀវ” ។

គណៈកម្មាធិការស៊ើបអង្កេត នៃប្រទេសរុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធំៗ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើក “សំណុំរឿងព្រហ្មទណ្ឌ ស្តីពីអំពើភេរវកម្មខាងលើនេះហើយ” ។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា ប្រទេសរបស់លោកមិនបាន វាយប្រហារទីក្រុងមូស្គូ ឬប្រធានាធិបតីលោក ពូទីន នោះទេ។

លោក ហ្សេឡីនស្គី បានអះអាង ដោយបានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហេលសេនគី ប្រទេសហ្វាំងឡង់ថា “យើងមិនវាយប្រហារលោក ពូទីន ឬទីក្រុងមូស្គូ នោះទេ យើងប្រយុទ្ធនៅលើទឹកដីរបស់យើង គឺយើងការពារភូមិ និងទីក្រុងរបស់យើង”៕

To Top