ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាក់ថា លោកគ្មានគម្រោង រំលាយសភាជាន់ទាប នៅពេលនេះទេ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនពិចារណារំលាយសភា ជាន់ទាបនៅពេលនេះទេ ខណៈដែលលោកកំពុងផ្តោតលើការ ដោះស្រាយបញ្ហាប្រឈមក្នុងស្រុកមួយចំនួន ដូចជាអត្រាកំណើតធ្លាក់ចុះ។

ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលដែលមានការរំពឹងទុកថា លោកអាចនឹងហៅការបោះឆ្នោតមួយភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ ត្រូវបានប្រារព្ធឡើងនៅចុងខែនេះនៅក្នុង មណ្ឌលបោះឆ្នោតរបស់គាត់នៅហ៊ីរ៉ូស៊ីម៉ា ខណៈដែលការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បាននិងកំពុងកើនឡើងចាប់តាំងពីលោក បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន ថ្ងៃទី២១ ខែមីនា។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុង ម៉ាពូតុ រដ្ឋធានីនៃប្រទេសម៉ូហ្សំប៊ិកថា “នៅពេលដែលយើងកំពុងប្រឈមមុខ នឹងរបៀបវារៈគោលនយោបាយជាច្រើន ហើយយើងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវវឌ្ឍនភាព លើបញ្ហាសំខាន់ៗបែបនេះ ខ្ញុំមិនមានគម្រោងរំលាយសភា ជាន់ទាបនៅពេលនេះទេ” ។

លោក បានសន្យាថានឹងចំណាយទ្វេដង សម្រាប់គោលនយោបាយ ទាក់ទងនឹងកុមារ ទោះបីជាមានឧបសគ្គថវិកា របស់ប្រទេសជប៉ុនក៏ដោយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកបោះឆ្នោតថា រដ្ឋាភិបាលរបស់លោក នឹងព្យាយាមអនុវត្តការដំឡើងពន្ធទ្រង់ទ្រាយធំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយ។

សុខភាពសារពើពន្ធរបស់ប្រទេសជប៉ុន គឺអាក្រក់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ធំៗ ដែលមានបំណុលច្រើនជាងពីរដង នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន ដែលជាប្រទេសធំទីបីរបស់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនឹងព្យាយាម បង្ហាញទស្សនៈវិស័យរបស់ លោកអំពីពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរនៅឯកិច្ចប្រជុំកំពូល នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក នៅក្នុងខែសីហា ឆ្នាំ១៩៤៥ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងសង្គ្រាមដែលកំពុងបន្ត។

ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានបន្ថែមថា បន្ថែមពីលើសេចក្តីថ្លែងការណ៍រួម ប្រទេសជប៉ុនមានបំណងរៀបចំការ ចេញផ្សាយឯកសារដាច់ដោយឡែកមួយ ផ្តោតលើការប្តេជ្ញាចិត្តរបស់ G-7 ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែឧសភា ។

ម៉ូហ្សំប៊ិក គឺជាជើងចុងក្រោយនៃការធ្វើដំណើរ ៤ប្រទេសរបស់ លោក គីស៊ីដា ទៅកាន់ទ្វីបអាហ្រ្វិក ដើម្បីពង្រឹងទំនាក់ទំនងជាមួយ “Global South” ដែលជាពាក្យដែលសំដៅជារួម ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ រួមទាំងអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top