បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទគូប្រជែងនយោបាយរបស់លោកគឺ គឺលោក Kemal Kilicdaroglu ថាជា “អ្នកស្រលាញ់ភេទដូចគ្នា” នៅមុនការបោះឆ្នោតនៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលរបស់លោក Erdogan ចាត់ទុកមនោគមវិជ្ជា LGBT ថាជា “សាសនា” របស់អាមេរិក និងអឺរ៉ុប ដែលខុសពីសីលធម៌របស់តួកគី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Erdogan បានប្រាប់ការ ប្រមូលផ្តុំនៅទីក្រុង Giresun កាលពីថ្ងៃព្រហស្បតិ៍ថា “យើងដឹងថាលោក Kemal គឺជាអ្នកស្រឡាញ់ភេទដូចគ្នា” ។ “CHP គឺជាអ្នកស្រឡាញ់ភេទដូចគ្នា គណបក្ស IYI គឺជាអ្នកស្រឡាញ់ភេទដូចគ្នា, HDP គឺជាអ្នកស្រឡាញ់ភេទដូចគ្នា” គាត់បាននិយាយបន្តដោយរាយបញ្ជីក្រុមបក្សនយោបាយនៅក្នុងប្លុកសម្ព័ន្ធជាតិប្រាំមួយរបស់ Kilicdaroglu ។
លោកបានថ្លែងដោយសំដៅទៅប្លុកនយោបាយរបស់លោកថា៖ «ក្នុងនាមជាសម្ព័ន្ធប្រជាជន យើងប្រឆាំងនឹងបញ្ហានេះ។ « គ្រួសារគឺរបស់ពិសិដ្ឋសម្រាប់យើង ។ គ្រួសាររឹងមាំមានន័យថាជាតិរឹងមាំ។ មិនថាគេធ្វើអ្វីទេ ព្រះគឺគ្រប់គ្រាន់សម្រាប់យើង»។
លោក Erdogan បានចោទប្រកាន់លោក Kilicdaroglu និងសម្ព័ន្ធមិត្តរបស់គាត់ថាជាអ្នកស្រឡាញ់ភេទដូចគ្នាពីមុនមក ហើយបាននិយាយដូចគ្នាស្ទើរតែគ្រប់ម៉ាត់នៅឯការជួបជុំមួយក្នុងទីក្រុង Rize កាលពីថ្ងៃពុធ។
លោក Kilicdaroglu មិនមែនជាអ្នកគាំទ្រសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែលោកបានសន្យាថា នឹងដាក់អនុសញ្ញាអ៊ីស្តង់ប៊ុលឡើងវិញប្រសិនបើជាប់ឆ្នោត៕
ប្រែសម្រួលៈ ណៃ តុលា