ព័ត៌មានអន្តរជាតិ

ចិនប្រតិកម្ម នឹងរបាយការណ៍នៃការបង្កើត ការិយាល័យណាតូ នៅជប៉ុន

បរទេស៖ ក្រសួងការបរទេសចិនបានជំរុញប្រទេសជិតខាងអាស៊ីរបស់ខ្លួនគឺជប៉ុន ឱ្យអនុវត្ត “ការប្រុងប្រយ័ត្នខ្ពស់” ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា អង្គការ ណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនងដំបូងរបស់ខ្លួននៅក្នុង តំបន់ក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Mao Ning បាននិយាយនៅពេលថ្លែងអំពីបញ្ហានេះក្នុងអំឡុង ពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា “តំបន់អាស៊ីគឺជាយុថ្កាសម្រាប់សន្តិភាព និងស្ថិរភាព និងជាទឹកដីជោគជ័យសម្រាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ មិនមែនជាមូលដ្ឋានបោកចំបាប់សម្រាប់ការ ប្រកួតប្រជែងភូមិ សាស្ត្រនយោបាយនោះទេ”។

លោកស្រី Mao Ning បានព្រមានថា “ការបន្តឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូចូលទៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងការជ្រៀតជ្រែកក្នុងកិច្ចការតំបន់ នឹងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយជៀសមិនរួច និងការប្រឈមមុខដាក់គ្នាក្នុងជំរុំ”។

លោកស្រីបានបន្ថែមថា “ការប្រុងប្រយ័ត្នខ្ពស់ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់” គឺត្រូវបានទាមទារដោយមើល ឃើញពីការប៉ុនប៉ង របស់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទទួលបានវត្តមាននៅក្នុងតំបន់អាស៊ី។

សូមជម្រាបថា កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរាយការណ៍ ដោយដកស្រង់ទាំងមន្ត្រីជប៉ុន និងអង្គការណាតូថា សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយប្រទេសជប៉ុន ដើម្បីបើកការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មាន គឺអង្គការ ណាតូ ចង់បង្កើតស្ថានីយ៍ក្នុងទីក្រុងតូក្យូ ដើម្បីអាចធ្វើការពិគ្រោះយោបល់តាមកាល កំណត់ជាមួយ ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top