អង់ការ៉ា៖ ប្រធានសភាតួកគី បានបញ្ជាក់កាលពីថ្ងៃសុក្រថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំនៃបណ្តាប្រទេសសមុទ្រខ្មៅ នៅទីក្រុងអង់ការ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំសភានៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសមុទ្រខ្មៅ នៅក្នុងអគារសភាតួកគី។ នៅពេលដែលប្រធានគណៈប្រតិភូរុស្ស៊ី ចាប់ផ្តើមថ្លែងសុន្ទរកថា សមាជិកមកពីគណៈប្រតិភូអ៊ុយក្រែន បានចាប់ផ្តើមលើកបដា និងទង់ជាតិ ហើយនិយាយខ្លាំងៗ ប្រធានសភាតួកគីលោក Mustafa Sentop បានប្រាប់អ្នកយកព័ត៌មានដូចនេះកាលពីថ្ងៃសុក្រ។
បន្ទាប់មកជម្លោះមួយបានផ្ទុះ ឡើងរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ។ លោក Sentop បានលើកឡើងថា លោលបានមកធ្វើអន្តរាគមន៍ “ប៉ុន្តែក្រោយមកខ្ញុំបានលឺថាសកម្មភាព និងការញុះញង់បែបនេះនៅតែបន្ត សូម្បីតែបន្ទាប់ពីខ្ញុំបានចាកចេញ” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រោយមក ប្រតិភូអ៊ុយក្រែន ម្នាក់បានលាតទង់ជាតិអ៊ុយក្រែន នៅពីក្រោយ អនុប្រធានប្រតិភូរុស្ស៊ីលោកស្រី Olga Timofeeva នៅពេលលោកស្រីកំពុងត្រូវបានសម្ភាសន៍ នៅខាងក្រៅបន្ទប់សន្និសីទ។
គួរបញ្ជាក់ថា រូបភាពព័ត៌មានបានបង្ហាញថា ប្រតិភូរុស្ស៊ីម្នាក់បានងាកមកចាប់ទង់ជាតិ ដែលត្រូវបានលើកឡើងនោះចេញ មុនពេលមានការប៉ះទង្គិចគ្នារវាងលោក និងប្រតិភូអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា