បរទេស៖ សារព័ត៌មាន Bloomberg រាយការណ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការ លើកញ្ចប់ការពារល្បឿនលឿនថ្មីមួយ សម្រាប់កោះតៃវ៉ាន់ ដោយអះអាងថា រដ្ឋាភិបាលនឹងប្រើប្រាស់សិទ្ធ សម្រាប់ប្រធានាធិបតីដើម្បីពន្លឿនការដឹកជញ្ជូន ដែលជាឧបករណ៍មួយដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងការគាំទ្រទីក្រុងគៀវ ប៉ុន្តែមិនមែនតៃប៉ិនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រដោយដកស្រង់សម្តីអ្នកអនាមិកដែលដឹងពីបញ្ហានេះ” គឺ Bloomberg បានផ្សាយថា កញ្ចប់ដែលមានតម្លៃ ៥០០ លានដុល្លារនឹងទាញយកឃ្លាំងអាវុធ និងឧបករណ៍ ដែលមានស្រាប់របស់យោធាអាមេរិក។ ប្រភពបានប្រាប់បណ្តាញព័ត៌មានថា រហូតមកដល់ពេលនេះការការព្រមព្រៀងពិតប្រាកដ នៃការដឹកជញ្ជូននេះមិនទាន់ដឹងនៅឡើយទេ។
របាយការណ៍បាននិយាយថា ដោយប្រើសិទ្ធសម្រាប់ប្រធានាធិបតី អាមេរិកនឹងគេចផុត ពីដំណើរការចុះកិច្ចសន្យា និងផលិតអាវុធ ដែលទំនងជាត្រូវចំណាយពេលវេលា។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចោទប្រកាន់សហរដ្ឋអាមេរិកថា “ប្រែក្លាយកោះតៃវ៉ាន់ឱ្យទៅស្ថានការណ៍គ្រោះថ្នាក់” ដែលលោកស្រីបាននិយាយថា “គ្រាន់តែបង្កបញ្ហាដល់ជនរួមជាតិតៃវ៉ាន់ របស់យើងប៉ុណ្ណោះ”។
ទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួនដែលត្រូវបានរឹបអូស ដោយពួកបំបែកខ្លួន ហើយចិន ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន “បញ្ឈប់ការលក់អាវុធ” ឱ្យកោះតៃវ៉ាន់ និងបានព្រមានអំពី “ផលវិបាក” ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា