ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសទាំងពីរ

" "

បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ក្នុងខួបលើកទី ៧០ នៃសន្ធិសញ្ញាការពារប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធដែលនឹងត្រូវធ្វើឡើងចំនួនប្រាំដងចន្លោះពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា នឹងក្លាយជាប្រភេទធំបំផុតរបស់ពួកគេ ដែលរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35A ឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache រថក្រោះ K2 និងប្រព័ន្ធមីស៊ីល Chunmoo រួមទាំងប្រព័ន្ធអាវុធទំនើបផ្សេងទៀត។

" "

នេះជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាលើកដំបូង រវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០១៧ មក ហើយនឹងធ្វើឡើងនៅទីលានហ្វឹកហាត់ Seungjin Fire Training Field ក្នុងទីក្រុង Pocheon ភាគឦសាននៃទីក្រុងសេអ៊ូល។

" "

សមយុទ្ធយោធានេះនឹងប្រារព្ធខួបលើកទី ៧០នៃសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមរយៈពេល៣ ខែបន្ទាប់ពីបទឈប់បាញ់បញ្ចប់សង្គ្រាមកូរ៉េ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាការពារជាតិទៅវិញទៅមកក្នុងខែតុលា ឆ្នាំ ១៩៥៣។ សមយុទ្ធនេះក៏ប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតរបស់យោធាកូរ៉េខាងត្បូងផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top