ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ុយក្រែន បាញ់មីស៊ីលផ្លោង យ៉ាងតិចចំនួន២គ្រាប់ សំដៅទៅកាន់ តំបន់គ្រីមៀរបស់រុស្ស៊ី

បរទេស៖ កងកម្លាំងអ៊ុយក្រែន បានបាញ់មីស៊ីលផ្លោងយ៉ាងតិចចំនួនពីរគ្រាប់ សំដៅទៅកាន់តំបន់គ្រីមៀ របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ មីស៊ីលត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានបង្ហាញជាលើកដំបូងដោយប្រមុខ នៃសាធារណរដ្ឋគ្រីមេគឺលោក Sergey Aksenov នៅក្នុងការបង្ហោះប្រព័ន្ធ Telegram ។ លោក​បាន​កំណត់​អត្តសញ្ញាណ​មីស៊ីលមួយ​គ្រាប់​ជា​មីស៊ីលផ្លោង​យុទ្ធសាស្ត្រ ​ដែល​ត្រូវ​បាន​បាញ់​ចេញពី​ឧបករណ៍​បាញ់​បង្ហោះ​ចល័ត Grom-2 របស់​អ៊ុយក្រែន។ ខណៈពេលដែល Aksenov បាននិយាយថា មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ ជំនួយរបស់គាត់បាននិយាយថា បន្តិចក្រោយមកថា មីស៊ីល Grom-2 ចំនួនពីរគ្រាប់ត្រូវបានបាញ់ ហើយទាំងពីរគ្រាប់ ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។

វីដេអូដែលបានចែករំលែក តាមអ៊ីនធឺណិត បង្ហាញពីរណ្ដៅធំមួយនៅកណ្តាលវាល ដែលត្រូវគេរាយការណ៍ថា បណ្តាលមកពីមីស៊ីល ដែលត្រូវបានចាប់ស្ទាក់។ វាត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅជិតទីក្រុងឆ្នេរសមុទ្រ គ្រីមៀ ភាគអាគ្នេយ៍នៃ Alushta ។

សូមជម្រាបថា តំបន់ គ្រីមៀ គឺជាគោលដៅ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងគៀវម្តងហើយម្តងទៀត។ ការប៉ុនប៉ង​វាយ​ប្រហារ​ឧបទ្វីប​នេះ​ទំនង​ជា​មាន​ឥទ្ធិពល​ខ្លាំង​ឡើង ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ៕ ប្រែសម្រួលៈ ណៃ តុលា 

To Top