ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្កោលទោសទៅលើការវាយប្រហារ ក្នុងប្រទេសមីយ៉ាន់ម៉ា មកលើក្រុមមន្ត្រីអាស៊ាន

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Joko Widodoប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្កោលទោសទៅលើការវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅលើមន្ត្រីអាស៊ាន ដែលផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៃឧប្បត្តិហេតុនោះទេ ។

រដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តជាមួយកងជីវពលប្រឆាំងរបបយោធា កងកម្លាំងការពារប្រជាជន ហៅកាត់ថា (PDF) បានឲ្យដឹងថា ខ្លួនមិនបានដឹងពីការវាយប្រហារណាមួយឡើយ ។

ខាង PDF នៅស្រុក Taunggyi រដ្ឋ Shan ដែលការវាយប្រហារត្រូវបានគេរាយការណ៍ថា បានកើតឡើងនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំឲ្យធ្វើការអត្ថាធិប្បាយនៅឡើយទេ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Labuan Bajo ដែលជាទីក្រុងនេសាទនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ លោក Widodo នៅថ្ងៃចន្ទនេះបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់អំពើហិង្សា ។

លោកសង្កត់ធ្ងន់ថា “អ្វីដែលខ្ញុំចង់បញ្ជាក់គឺថា (ការវាយប្រហារ) មិនប៉ះពាល់ដល់ការតាំងចិត្តរបស់អាស៊ាន និងឥណ្ឌូណេស៊ី ក្នុងការអំពាវនាវជាថ្មីម្តងទៀតឲ្យបញ្ចប់អំពើហិង្សា បញ្ឈប់ការប្រើកម្លាំង… ព្រោះពលរដ្ឋនឹងក្លាយជាជនរងគ្រោះ គ្មានអ្នកណាចេញមុខជាអ្នកឈ្នះក្នុងរឿងបែបនេះឡើយ “។

លោកបានថ្លែងថា “ខ្ញុំសូមជំរុញឱ្យយើងអង្គុយជាមួយគ្នា (និង) បង្កើតកន្លែងសម្រាប់ការសន្ទនាដើម្បីរកដំណោះស្រាយរួមគ្នា” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top