បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា ស៊ីរ៉ែនវាយឆ្មក់តាមដែនអាកាស បានបន្លឺឡើងទូទាំង ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកលើ ទីក្រុងនានា ជុំវិញប្រទេសនេះ ។
ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលអភិបាលក្រុងបានថ្លែងថា មនុស្ស៥នាក់បានរងរបួស ដោយសារការធ្លាក់កម្ទេចកម្ទី ពីយន្តហោះគ្មានមនុស្សបើក ។
ក្រុមមន្ត្រីបានឲ្យដឹងថា ការបំផ្ទុះក៏បានវាយប្រហារទីក្រុង Kharkov, Kherson, Odesa និង Mykolaiv ផងដែរ ។
គួរបញ្ជាក់ថា វាជាការវាយប្រហារលើកទី៤នៅក្នុងរយៈពេល៨ថ្ងៃនៅក្រុង គៀវ ហើយកើតឡើងត្រឹមតែ២៤ម៉ោងមុនពេលរុស្ស៊ី ប្រារព្ធទិវាជ័យជម្នះ ។
ថ្ងៃឈប់សម្រាកប្រចាំឆ្នាំរំលឹក ដល់ជ័យជម្នះរបស់រុស្ស៊ី លើពួកណាហ្ស៊ី អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលជាជម្លោះដែលវិមានក្រឹមឡាំង បានព្យាយាមដោយគ្មានមូលដ្ឋានដើម្បីទាក់ទាញភាពស្រដៀងគ្នាចាប់តាំងពីការចាប់ផ្តើមការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែនកាលពីឆ្នាំមុន ។
បន្ទាប់ពីមានការរំជើបរំជួល នៅក្នុងការវាយប្រហាររបស់រុស្ស៊ី មកលើគោលដៅជនស៊ីវិល នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលឃើញទីក្រុង គៀវ ដំណើរការទៅមួយថ្ងៃដោយគ្មាន ការវាយប្រហារនោះ ទីក្រុងម៉ូស្គូ បានបង្កើនការវាយឆ្មក់តាមអាកាសរបស់ខ្លួន កាលពីសប្តាហ៍មុន នៅមុនពេលការវាយលុក របស់អ៊ុយក្រែន ដែលរំពឹងទុកនៅក្នុងតំបន់ Zaporizhzhia ដែលស្ថិតភាគអាគ្នេយ៍ប្រទេស ។
យោធាអ៊ុយក្រែន បានឲ្យដឹងថា ការវាយឆ្មក់កាលពីព្រឹកថ្ងៃចន្ទនេះ ដែលមានរយៈពេលជាង៤ម៉ោង និងត្រូវបានបាញ់ចេញភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ បានឃើញមីស៊ីលចំនួន១៦គ្រាប់បានបាញ់ទៅលើគោលដៅនៅទូទាំងប្រទេស ។
យោធាបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសចំនួន៦១ និងគ្រាប់រ៉ុក្កែតចំនួន៥២ត្រូវបានបាញ់ទៅលើទីក្រុង និងទីតាំងយោធាផងដែរ ។ ក្រុមមន្ត្រីបានឲ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើក Shahed kamikaze ផលិតដោយអ៊ីរ៉ង់ចំនួន៣៥ គ្រឿងត្រូវបានបំផ្លាញ ។ ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់តួលេខទាំងនេះបាននោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា