ព័ត៌មានអន្តរជាតិ

ប្រមុខចារកម្មយោធា របស់អ៊ុយក្រែន សន្យាសម្លាប់ជនជាតិរុស្ស៊ី ហើយនឹងបន្តសម្លាប់ ជនជាតិរុស្ស៊ី គ្រប់ទីកន្លែងលើពិភពលោកនេះ

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បាននិយាយកាលពីថ្ងៃចន្ទថា ការគំរាមកំហែងដោយប្រមុខ ចារកម្មយោធា របស់អ៊ុយក្រែន លោក គីរី ប៊ូដាណូវ ដែលបានបញ្ជាក់ដោយផ្ទាល់ថា ទីក្រុងគៀវ គឺមានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការ វាយប្រហារភេរវកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ឌីមីទ្រី ផេស្កូវ បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ ប៊ូដាណូវ ដែលបានប្រាប់ យ៉ាហ៊ូ ញូ (Yahoo News) កាលពីសប្តាហ៍មុនថា “យើងបានសម្លាប់ជនជាតិរុស្សី ហើយយើងនឹងបន្តសម្លាប់ជនជាតិរុស្សីគ្រប់ទីកន្លែងលើពិភពលោកនេះ រហូតដល់ជ័យជំនះទាំងស្រុងរបស់អ៊ុយក្រែន”។

ប្រមុខស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនរូបនេះបានធ្វើការកត់សម្គាល់ បន្ទាប់ពីត្រូវបានសួរថាតើអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GUR) របស់ក្រសួងការពារជាតិអ៊ុយក្រែន មានអ្វីពាក់ព័ន្ធនឹងការសម្លាប់កាលពីឆ្នាំមុនលើ ដារីយ៉ា ឌូហ្គីណា ជាអ្នកកាសែតស្រ្តី និងជាកូនស្រីរបស់ទស្សនវិទូរុស្ស៊ីដ៏លេចធ្លោ អាឡិកសេនឌ៏រ ឌូហ្គីន (Aleksandr Dugin) ដែរឬទេ។ លោក​បាន​បន្ថែម​ថា អ្វី​ដែល​រុស្ស៊ី​ហៅ​ថា «​ភេរវកម្ម យើង​ហៅ​ថា​ការ​រំដោះ»។

លោក ផេស្កូវ បាននិយាយដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់ប្រមុខចារកម្មអ៊ុយក្រែនថា “នេះគឺជាសេចក្តីថ្លែងការណ៍ដ៏អាក្រក់មួយ” ។ “អ្វីដែលលោក ប៉ូដាណូវ បាននិយាយគឺជាការបញ្ជាក់ដោយផ្ទាល់ថា របបទីក្រុងគៀវ មិនត្រឹមតែឧបត្ថម្ភសកម្មភាពភេរវករប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករៀបចំដោយផ្ទាល់នូវសកម្មភាពនេះថែមទៀត”។

អ្នក​នាំពាក្យ​រូប​នេះ​បាន​កត់​សម្គាល់​ទៀតថា រុស្ស៊ី​មាន​សេវា​សម្ងាត់​របស់​ខ្លួន​ដែល​នឹង​ធ្វើ​គ្រប់​យ៉ាង​ដែល​ពួកគេ​គួរ​ធ្វើ​ ដើម្បីប្រឆាំង​នឹង​សាវតារ​នៃ​សេចក្តីថ្លែងការណ៍​បែប​នេះ។

លោកបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូ សូម “ថ្កោលទោសយ៉ាងម៉ឺងម៉ាត់” សម្តីរបស់លោក ប៊ូដាណូវ ដោយលោកបានសង្កត់ធ្ងន់ថា ឥឡូវនេះអាជ្ញាធររុស្ស៊ីនឹងកំពុងតាមដានប្រតិកម្មពីរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីអឺរ៉ុបចំពោះការសន្យារបស់រដ្ឋាភិបាលទីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top