បរទេស ៖ សារព័ត៌មាន USA Today បានរាយការណ៍កាលពីថ្ងៃចន្ទថា យោធាអាមេរិកកំពុង ជួសជុលរថក្រោះ M1 Abrams ចាស់ៗសម្រាប់បញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយដកហូតនូវបច្ចេកវិទ្យាលំដាប់កំពូល ចេញពីរថក្រោះនេះ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើរថក្រោះនេះ ត្រូវចាប់បានដោយកងកម្លាំងរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាស កាលពីខែមករាថា រដ្ឋាភិបាលទីក្រុងគៀវ នឹងទទួលបានរថក្រោះប្រយុទ្ធដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍ថាជា “គម្រប” ក្នុងការបន្ទន់ចិត្តប្រទេសអាឡឺម៉ង់ បន្ទាប់ពីទីក្រុង ប៊ែកឡាំងបញ្ជូនរថក្រោះ Leopards របស់ខ្លួន។ ដំបូងឡើយ មន្ទីរបញ្ចកោណបានប្រកាសថា រថក្រោះ ម៉ូដែល M1A2 ចំនួន ៣១គ្រឿង នឹងត្រូវបញ្ជូនមក ។ ទោះយ៉ាងណាក៏ដោយ ផែនការបានផ្លាស់ប្តូរនៅខែមីនា ដោយសារយោធាអាមេរិក បានជ្រើសរើសជួសជុលម៉ូដែល M1A1 ចាស់ៗជំនួសវិញ ។
មន្ត្រីពីរនាក់ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បានប្រាប់ USA Todayថា រថក្រោះ “បច្ចេកវិទ្យាទាប” នឹងមិនមានបច្ចេកវិជ្ជា “ទំនើប” ដែលរុស្ស៊ីអាចទាញយកបាន ដូចជាប្រព័ន្ធកំណត់គោលដៅ កម្រិតខ្ពស់សម្រាប់កាំភ្លើងធំ 120mm ។ គេហទំព័រនេះក៏បានដកស្រង់សម្តី អ្នកជំនាញសាជីវកម្ម RAND ដែលបាននិយាយថា រុស្ស៊ីអាចសាកល្បងរថក្រោះដែលចាប់បានណាមួយ សម្រាប់ភាពងាយរងគ្រោះ។
រថក្រោះដែលមានទំងន់ ៧០តោន ប្រើទួរប៊ីនហ្គាសត្រូវបានបង្កើតឡើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបានឃើញការប្រយុទ្ធ ជាលើកដំបូង របស់វានៅក្នុងសង្គ្រាម ឈូងសមុទ្រឆ្នាំ ១៩៩១ ។ ចាប់តាំងពីពេលនោះមក កំណែប្រែកាត់បន្ថយការ នាំចេញគឺត្រូវបានផ្តល់ជូនអារ៉ាប៊ីសាអូឌីត គុយវ៉ែត អេហ្ស៊ីប ម៉ារ៉ុក អ៊ីរ៉ាក់ និងអូស្ត្រាលី៕
ប្រែសម្រួលៈ ណៃ តុលា