ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី ប្រើយន្តហោះគ្មានមនុស្សបើក kamikaze ចំនួន ៣៥ គ្រឿង​ វាយប្រហារទីក្រុង​គៀវ

បរទេស ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារ ជាបន្តបន្ទាប់របស់យន្តហោះ គ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ ដោយបានបង្ក ឱ្យមានសំឡេងស៊ីរ៉ែនរោទ៍ឡើង ពេលមានការវាយប្រហារ តាមអាកាសពេញប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធា​អ៊ុយក្រែន​បាន​អះអាង​ថា​ បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក kamikaze ចំនួន ៣៥ គ្រឿង​លើ​ក្រុង​គៀវ​តែ​ម្នាក់​ឯង ។ អាជ្ញាធរ​ក្នុង​រដ្ឋធានី​បាន​និយាយ​ថា កំទេច​កំទី​ដែល​ធ្លាក់​មក​ពីលើ​អាកាស បានបណ្តាលឱ្យមនុស្ស​៥​នាក់​រង​របួស និង​ខូចខាត​ផ្ទះល្វែង​មួយ​រួម​ជា មួយ​រថយន្ត​ប្រមាណ​២០​គ្រឿង​។ លើសពីនេះ ធុងប្រេងម៉ាស៊ូតមួយបានធ្លាយ ប៉ុន្តែ មិនបណ្តាលឱ្យមានអគ្គីភ័យនោះទេ ។

ដោយដកស្រង់ប្រភពយោធា ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក យន្តហោះទម្លាក់គ្រាប់បែក របស់កងទ័ព អាកាសរុស្ស៊ី បានបាញ់មីស៊ីលចំនួន ៨ គ្រាប់ ដោយយ៉ាងហោចណាស់មួយគ្រាប់ បានវាយប្រហារឃ្លាំងមួយក្នុងតំបន់ Odessa ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ក៏បានរាយការណ៍ពីការផ្ទុះនៅក្នុងតំបន់ Chernigov និង Dnepropetrovsk ក៏ដូចជាទីក្រុង Zaporozhye ផងដែរ៕

To Top