យេរ៉ូសាឡឹម៖ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារនេះ បានបង្កើនការវាយប្រហារផ្លូវអាកាស លើគោលដៅយោធានៃចលនា ជីហាត អ៊ីស្លាម ប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១២ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។
មន្ត្រីសន្តិសុខប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សា បានប្រាប់ស៊ីនហួថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងប្រឆាំងនឹងអគារ កន្លែងយោធា និងប៉ុស្តិ៍ភាគច្រើននៅក្នុងទីប្រជុំជន Rafah និង Khan Younis នៅភាគខាងត្បូងហ្គាហ្សាស្រ្ពីប និងនៅទីក្រុងហ្គាហ្សា។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធា “Shield and Arrow” ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ PIJ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងដំណើរការ។
នៅក្នុងប្រតិបត្តិការរួមគ្នារបស់កងទ័ព និងសេវាសន្តិសុខទូទៅ “មេបញ្ជាការ PIJ នៅភាគខាងជើងហ្គាហ្សា មេដឹកនាំ PIJ ទទួលបន្ទុកដឹកនាំសកម្មភាពនៅតំបន់ West Bank ពីតំបន់ហ្គាហ្សា និងលេខាក្រុមប្រឹក្សាយោធានៃ PIJ ត្រូវបានលុបចោលទាំងអស់” ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានឲ្យដឹងថា មេដឹកនាំ PIJ បីនាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនេះគឺជា “កត្តាបំផ្លាញដល់ស្ថិរភាពសន្តិសុខ”៕
ប្រែសម្រួល ឈូក បូរ៉ា