ព័ត៌មានអន្តរជាតិ

Update: .អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេល បង្ហាញខ្លួននៅតុលាការ

ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលបង្ហាញខ្លួន នៅតុលាការក្នុងរដ្ឋធានី សម្រាប់សំណុំរឿងមួយ ក្នុងចំណោមសំណុំរឿង ជាច្រើន ដែលមិនទាន់សម្រេចចាប់តាំង ពីលោកត្រូវបានបណ្តេញចេញ ពីតំណែងកាលពីឆ្នាំមុន ។

មន្ត្រីមកពីគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan បានជំរុញឱ្យអ្នកគាំទ្រដើរដង្ហែរ តាមដងផ្លូវបន្ទាប់ពីការចាប់ខ្លួន របស់គាត់ ប៉ុន្តែប៉ូលិសបានព្រមានថា បទបញ្ជាហាមឃាត់ ការប្រមូលផ្តុំ មនុស្សមិនឲ្យលើសពី៤នាក់ នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹង។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ ថាតើ លោក Khan ត្រូវបានគេឃុំខ្លួននៅតុលាការកំពូលនៃទីក្រុង Islamabad ឬត្រូវបានផ្លាស់ទៅកន្លែងផ្សេងនោះទេ ។

គណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ប៉ូលិសនៅក្រុងឥស្លាម៉ាបាដ បានឲ្យដឹងថា “លោក Imran Khan ត្រូវបានចាប់ខ្លួននៅក្នុងករណីមិនបង្ហាញអំពីភាពស្មោះត្រង់”  ។

ស្ថានីយទូរទស្សន៍ក្នុងស្រុក បានបង្ហាញទិដ្ឋភាពដ៏ច្របូកច្របល់ នៅខាងក្រៅតុលាការ ខណៈដែលអ្នកគាំទ្ររបស់បក្ស PTI រាប់រយនាក់បានប៉ះទង្គិចជាមួយនឹងមន្ត្រីសន្តិសុខ ។

ការចាប់ខ្លួនលោក Khan បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធា បានព្រមានគាត់ប្រឆាំងនឹង ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន បន្ទាប់ពីគាត់បានចោទប្រកាន់ មន្ត្រីជាន់ខ្ពស់ម្តងទៀតថា បានគ្រោងផែនការសម្លាប់រូបគាត់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top