ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត៦០ និងរបួស ជាង២០០នាក់ នៅពេលប៉ះទង្គិចគ្នា នៅភាគឦសាន នៃប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា ការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចនៅរដ្ឋ Manipur ភាគឦសាន នៃប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សប្រហែល៦០នាក់ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ ។

នាយករដ្ឋមន្រ្តីនៅរដ្ឋ Manipur លោក N. Biren Singh បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា ការស៊ើបអង្កេតកម្រិតខ្ពស់នឹងត្រូវបានធ្វើឡើងចំពោះអំពើហិង្សា ដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលទទួលខុសត្រូវចំពោះអំពើហិង្សានេះ ។ លោកបានដាក់ចំនួនអ្នកស្លាប់ចំនួន៦០នាក់ ។

លោក Singh បានឲ្យដឹងថា “រហូតមកដល់ពេលនេះ មនុស្សប្រហែល៦០នាក់ បានបាត់បង់ជីវិត ខណៈដែល២៣១នាក់ បានរងរបួសក្នុងអំពើហិង្សា ។ ផ្ទះប្រហែល១.៧០០ខ្នងត្រូវបានដុតបំផ្លាញ នៅក្នុងឧប្បត្តិហេតុអកុសល គីអំពើ (កុបកម្ម) កាលពីថ្ងៃទី៣ ខែឧសភា” ។ លោក Singh បានថ្លែងដូច្នេះ ខណៈដែលអំពាវនាវ ឱ្យស្តារសន្តិភាព និងភាពស្ងប់ស្ងាត់ឡើងវិញនៅរដ្ឋភាគឦសាន ។

លោក Singh ក៏បានជូនដំណឹងថា មនុស្សដែលជាប់គាំងនៅទីតាំងផ្សេងៗគ្នា កំពុងត្រូវបានផ្តល់ការថែទាំ និងការគាំទ្រ ដែលអាចមានទាំងអស់ ។

លោកបានបញ្ជាក់ថា “រហូតមកដល់ពេលនេះ មនុស្សចំនួន២ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយប្រហែល១០.០០០នាក់នៅជាប់គាំង” ។

អំពើហឹង្សាទ្រង់ទ្រាយធំ បានផ្ទុះឡើង នៅក្នុងរដ្ឋកាលពីសប្តាហ៍មុន អំឡុងពេលបាតុកម្មតវ៉ាកុលសម្ព័ន្ធ ជុំវិញការដាក់បញ្ចូលសហគមន៍ Meiteis ដែលមិនមែនជាកុលសម្ព័ន្ធ សម្រាប់មុខតំណែង ដែលបានគ្រោងទុក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top