ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះការតវ៉ាយ៉ាងខ្លាំង នៅទូទាំងប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី Imran Khan

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា ការប៉ះទង្គិចគ្នាដោយហិង្សា បានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន រវាងកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក Imran Khan បន្ទាប់ពីគាត់ត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃអង្គារ ។

ការតវ៉ាកំពុងផ្ទុះឡើងនៅទូទាំងប្រទេស ហើយយ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Quetta ។

ជុំវិញករណីនេះដែរ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវ “នីតិរដ្ឋ” ។

គេបានដឹងថា លោក Khan ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួន នៅតុលាការកំពូលក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ។

ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបានបង្ហាញពី មន្ត្រីរាប់សិបនាក់បានមកដល់ និងឃាត់ខ្លួនបុរសវ័យ៧០ឆ្នាំ ដែលត្រូវបានដាក់ក្នុងរថយន្ត ហើយបានបើករថយន្តចេញទៅ ។

លោកកំពុងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់ពីបទពុករលួយ ដែលលោកបានថ្លែងថា មានហេតុផលនយោបាយប៉ុណ្ណោះ ។

សេវាកម្មទិន្នន័យចល័តនៅក្នុង ប្រទេសត្រូវបានផ្អាកតាមការណែនាំរបស់ ក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ ខណៈដែលការតវ៉ាបានកើនឡើង ដែលភាគច្រើនបានកើតឡើង នៅមុខបរិវេណយោធា ។

កងទ័ពប៉ាគីស្ថានបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឆាកនយោបាយ ពេលខ្លះការដណ្តើមអំណាច ក្នុងរដ្ឋប្រហារយោធា និងក្នុងឱកាសផ្សេងទៀត ។

អ្នកវិភាគជាច្រើនជឿថា ការឈ្នះឆ្នោតរបស់លោក Khan នៅក្នុងឆ្នាំ២០១៨ បានកើតឡើងដោយមានជំនួយពីយោធា ។

ឥឡូវនេះនៅក្នុងបក្សប្រឆាំង គាត់គឺជាអ្នករិះគន់សម្តីខ្លាំងជាងគេបំផុត ហើយអ្នកវិភាគបានលើកឡើងថា ប្រជាប្រិយភាពរបស់កងទ័ពបានធ្លាក់ចុះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top