ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថា បានសាបព្រួសការមិនចុះសម្រុងគ្នា និងបញ្ចេញ “សង្រ្គាមពិត” ប្រឆាំងនឹងប្រទេសកំណើតរបស់លោក ក្នុងអំឡុងពេលសុន្ទរកថា របស់លោក នៅឯព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលប្រារព្ធខួបនៃជ័យជម្នះ របស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។
នៅក្នុងសុន្ទរកថា សាធារណៈ ក្នុងអំឡុងពេលប្រារព្ធ ទិវាជ័យជំនះនៅទីលានក្រហម កណ្តាលទីក្រុងមូស្គូ ដែលជាលើកទីពីរចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំមុន លោកពូទីន បានលើកឡើងថា សង្រ្គាមបានធ្វើឱ្យពិភពលោក ឈានដល់ “ចំណុចរបត់” ដែលនឹងកំណត់ជោគវាសនា ប្រទេសរបស់លោក ដូចដែលលោកបានអំពាវនាវ ឲ្យប្រជាជនរបស់លោករួបរួមគ្នា។
លោក ពូទីន បានសង្កត់ធ្ងន់លើចេតនា របស់លោក ក្នុងការតស៊ូក្នុងការឈ្លានពានអ៊ុយក្រែន ដោយលើកឡើងថា អនាគតរបស់រុស្ស៊ីអាស្រ័យលើ អ្នកដែលចូលរួមក្នុងប្រតិបត្តិការយោធា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការិយាល័យ ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា វិមានក្រឹមឡាំង គឺជាគោលដៅនៃការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន ចំនួនពីរ ដោយថ្កោលទោសថា វាជាការប៉ុនប៉ងធ្វើឃាត លើលោក ពូទីន។
ទីក្រុងមូស្គូ មានការប្រុងប្រយ័ត្នខ្ពស់ នៅឆ្នាំនេះ ដោយមានការបិទផ្លូវនៅតំបន់កណ្តាលតាំងពីព្រឹក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ក្បួនដង្ហែយោធាត្រូវបានលុបចោល នៅក្នុងទីក្រុងជាង ២០ របស់រុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ កាន់តែខ្លាំងឡើងលើការវាយបក របស់អ៊ុយក្រែន ដែលអាចកើតមាន។
ក្បួនព្យុហយាត្រាយោធា ដែលមានបុគ្គលិកជាង ១០ ០០០នាក់ និងការបង្ហាញឧបករណ៍យោធា រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប និងអាវុធទំនើបៗ ផ្សេងទៀតក៏ជាផ្នែកនៃពិធីផងដែរ។
ប៉ុន្តែស្ពានអាកាសប្រពៃណី ត្រូវបានគេរាយការណ៍ថា ត្រូវបានគេកម្ទេចចោលជាលើកទីពីរជាប់គ្នា។ ប្រទេសរុស្ស៊ី បានលុបចោលវាកាលពីឆ្នាំមុន ដោយលើកឡើងពីអាកាសធាតុ មិនអំណោយផល។
ក្បួនដង្ហែរនេះ ត្រូវបានចូលរួមដោយមេដឹកនាំ នៃរដ្ឋក្រោយសូវៀតចំនួនប្រាំ ផ្សេងទៀត នៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព ដែលជាសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយរុស្ស៊ី។
ទិវាជ័យជំនះត្រូវបានចាត់ទុកថា ជាកាលបរិច្ឆេទស្នេហាជាតិ បំផុតមួយ នៅលើប្រតិទិនរបស់រុស្សី ជាមួយនឹងព្រឹត្តិការណ៍នានា ដែលធ្វើឡើងទូទាំងប្រទេស។ វាត្រូវបានគេអបអរជាមួយនឹងការបង្កើន ការគាំទ្រក្រោមរដ្ឋបាលលោកពូទីន៕
ប្រែសម្រួល ឈូក បូរ៉ា